ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសពស្រ្តីម្នាក់ដែលមានសភាពហើមស្អុយរលួយ អណ្ដែតទឹកទន្លេសាប ក្បែរច្រាំងទន្លេ

ចែករំលែក៖

    ភ្នំពេញ៖ សពស្រ្ដីម្នាក់ មានលក្ខណៈហើមស្អុយរលួយទៅហើយ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតទឹកទន្លេសាបទើរជាប់និងកំប្លោក ខាងជើងស្ពានជ្រោយចង្វារប្រមាណ២០០ម៉ែត្រ ។  

ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ រសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ដែលស្ថិតតាមបណ្ដោយផ្លូមាត់ទន្លេ ក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សពស្រ្ដីរូបនោះ ពុំស្គាល់អត្តសញ្ញាណនៅឡើយមានអាយុប្រមាណជាង ២០ឆ្នាំ ពាក់អាវដៃខ្លីពណ៌ខ្មៅនិងខោជើងវែងពណ៌ស ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ ប្រជាពលរដ្ឋនៅទីនោះធុំក្លិនស្អុយខុសពីធម្មតាក៏បាននាំគ្នារកមើល ក៏ស្រាប់តែប្រទះឃើញសពមួយបានអណ្ដែតទឹកទន្លេទើរជាប់និងកំប្លោកក្បែរច្រាំង នៅខាងក្រោយផ្ទះប្រជាពលរដ្ឋ ដោយមានលក្ខណៈហើមស្អុយរលួយមិនដឹងរសាត់តាមទឹកទន្លេមកពីណានោះទេ ភ្លាមនោះពលរដ្ឋនៅទីនោះក៏ធ្វើការទាក់ទងទៅសមត្ដកិច្ចប៉ុស្ដិ៍ជ្រោយចង្វារធ្វើការចុះពិនិត្យផងដែរ។ 

បច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋានតាមធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកកោលសលវិច្ច័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីត្រួតពិនិត្យ តើសពស្រ្ដីខាងលើស្លាប់ដោយសារអ្វីអោយប្រាកដ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖