ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចេញសេចក្តីប្រកាសព័ត៌មាន ដើម្បីចុះពិនិត្យការត្រៀមលក្ខណៈទទួលបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលអាចនឹងវិលត្រឡប់ ពីប្រទេសថៃ ក្នុងករណីមានការបញ្ជូនដោយគំហុកណាមួយពីភាគីថៃ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបង ប្អូនប្រជាពលរដ្ឋខ្មែរ មេត្តាជ្រាបថា កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រសួងបានចាត់ថ្នាក់ដឹកនាំ និងក្រុមការងារក្រសួង ដើម្បីចុះពិនិត្យការត្រៀមលក្ខណៈទទួលបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលអាចនឹងវិលត្រឡប់ ពីប្រទេសថៃ ក្នុងករណីមានការបញ្ជូនដោយគំហុកណាមួយពីភាគីថៃ។ ក្នុងការចូលរួមចំណែកជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានត្រៀម មណ្ឌលចំនួនបីទីតាំងគឺ :

១). មជ្ឈមណ្ឌលសំចតប៉ោយប៉ែត។

២). មជ្ឈមណ្ឌលសំចតនិងស្តារនីតិសម្បទាប៉ោយ ប៉ែត និង៣). មណ្ឌលនៅក្រុងសិរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យ ។ ក្រៅពីនេះ ក្រសួង បានសហការជាមួយ ក្រសួង-ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ អង្គការ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីត្រៀមសម្របសម្រួល និង ដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋខ្មែរ តាមរយៈការផ្តល់សេវាស្នាក់នៅបណ្តោះអាសន្ន ហូបចុក សង្គ្រោះបឋម និងបញ្ជូនបន្តទៅទីកន្លែងកំណើត។

សូមទំនាក់ទំនងជាមួយមន្ត្រីជំនាញក្នុងករណីចាំបាច់ តាមរយៈលេខទូរស័ព្ទ៖ ០១៧ ៧៨៨ ៨៦៦ -០៨៥២២២ ១៦៨-០១២ ៧២៥០៥៧។

អាស្រ័យហេតុ ដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋខ្មែរ មេត្តាជ្រាបជា ព័ត៌មាន ៕

ដោយ ៖ សិលា 


ចែករំលែក៖