ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ជាឪពុកមា ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីកាត់ក្បាលក្មួយ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ពិតជាសាហាវណាស់ដែលឪពុកមាហ៊ានលើកកាំបិតដេញកាប់ក្មួយដាច់ក្បាលរួចជីកដីកប់បំបាត់ភស្តុតាង តែទីបំផុតត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនទាំងយប់នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅភូមិគោកធំ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ។

លោកវរសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា៖ ជនសង្ស័យឈ្មោះ ឃ្លិម គិមឈាក់ ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិគោកធំ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ចំណែកក្មេងរងគ្រោះឈ្មោះ ខុយ សុខឿត ភេទប្រុស អាយុ៦ឆ្នាំ រស់នៅជាមួយជីតានិងយាយ រួមទាំងមា(ជនសង្ស័យ) ក្នុងភូមិគោកធំ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយឪពុកម្តាយទៅធ្វើការនៅប្រទេសថៃ   ។

លោកអធិការបានបញ្ជាក់ថា៖ មុនពេលកើតហេតុក្មេងរងគ្រោះបានរត់លេងនៅបរិវេណខាងក្រោយផ្ទះម្នាក់ឯង។ក្រោយពីបាត់ចៅប្រហែលកន្លះម៉ោងជីដូនឈ្មោះ អ៊ឹម ឆយ  អាយុ៥៨ឆ្នាំ បានដើររកនិងហៅមិនឮឆ្លើយតប រហូតដល់ជីតាឈ្មោះ ឃ្លឹម ប៉ូច  អាយុ ៦១ឆ្នាំ បានត្រឡប់មកពីក្រុងសិរីសោភ័ណវិញ ក៏បាននាំគ្នាដើររកចៅ តែរកមិនឃើញសោះ ។  លុះមកដល់ម៉ោង១០យប់ ថ្ងៃដដែលយាយឈ្មោះ អ៊ឹម ឆយ បានដើរទៅរកចៅក្រោយផ្ទះក៏ឃើញដីទើបជីកថ្មីៗ ហើយក៏កាយមើល ស្រាប់តែឃើញសាកសពចៅឈ្មោះខុយ សុខឿត ដេកស្លាប់ក្បាលដាច់ពី ក តែម្តង ដែលគួរឲ្យរន្ធត់ខ្លាំងណាស់។

លោកវរសេនីយ៍ទោ ទេព រដ្ឋា បន្តថា៖ ក្រោយពីទទួលបានព័ត៌មានពីករណីឃាតកម្មនេះ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបុស្បូវ ដោយតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល បានចុះធ្វើការស្រាវជ្រាវភ្លាមៗ និងដាក់ការសង្ស័យលើឈ្មោះ ឃ្លិម គិមឈាក់ ជាឪពុកមា (ជាជនញៀនថ្នាំ)ធ្លាប់យកទៅមណ្ឌលបន្សាបគ្រឿងញៀនចំនួន២លើក ហៅមកធ្វើការសួរនាំ ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា៖ ខ្លួនពិតជាបានដេញកាប់សម្លាប់ក្មួយរបស់ខ្លួនពិតមែន ក៏ព្រោះខឹងជេរខ្លួនអាឈ្លើយខណៈពេលខ្លួនអង្គុយលេង ។ ជនសង្ស័យ នគរបាលជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីអនុវត្តតាមនិតិវិធី ៕

ដោយ៖ វណ្ណា

 


ចែករំលែក៖