ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កន្លងមក មានការសួរថា ហេតុអ្វីបានជាកម្ពុជាត្រូវរង់ចាំពេលយូរក្នុងការបញ្ជូនលិខិតទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដែលចំណុចនេះសម្តេចបានបញ្ជាក់ ដោយសារកម្ពុជាត្រូវធ្វើការស៊ើបសួរសាកទឹកចិត្តនិងគោលជំហររបស់ភាគីថៃជាមុនសិន។ មួយវិញទៀត កម្ពុជាក៏ត្រូវការរៀបចំឯកសារ និងមេធាវីសម្រាប់ការប្តឹងតុលាការយុត្តិធម៌អន្តរជាតិផងដែរ។
ក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា នៅរសៀលថ្ងៃអង្គារទី១៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចំណាយពេល២សប្តាហ៍ក្នុងការរៀបចំពាក្យ បណ្តឹងនេះ គឺជាពេលវេលាលឿនហើយ ព្រោះយើងត្រូវការរៀបចំឯកសារជាច្រើនទៀតដើម្បីផល ប្រយោជន៍ទៅលើរឿងក្តីនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការដាក់ពាក្យបណ្តឹងចំថ្ងៃទី១៥ មិថុនា នេះដែរ ក៏ជាការចៃដន្យ ក៏ដូចជាប្រផ្នូលល្អផងដែរ គឺចំថ្ងៃដែលកម្ពុជាឈ្នះក្តីថៃលើបញ្ហាប្រាសាទព្រះវិហារ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកថា ៖ «ពិតណាស់ទំនាក់ទំនងមិត្ត យើងត្រូវបន្តធ្វើ ប៉ុន្តែបើមិត្តមិនគោរពយើងក៏អាចឱ្យអ្នកឯងជាន់បាននោះទេ» ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ថា គ្មានអ្នកនយោបាយថៃណាមួយហ៊ាន ទទួលស្គាល់ការពិតទេ តាមរយៈការប្រើប្រាស់ផែនទីភ្ជាប់ជាមួយសន្ធិសញ្ញាបារាំង- សៀម ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាថ្មីម្តងទៀតថា បើតុលាការក្រុងឡាអេ កាត់ក្តីលើសំណុំរឿងប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងមុំបីយ៉ាងណានោះគឺកម្ពុជាទទួលស្គាល់ជា និច្ច ហើយសម្តេចក៏បានផ្តាំទៅភាគីថៃសូមប្រកាសជំហរយ៉ាងដូច្នេះដូចកម្ពុជាផងដែរ៕
ដោយ ៖ សិលា