ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងក្នុងពិធីជួបជុំគ្នាដើរថ្មើរជើង «Solidarity March»យ៉ាងដូច្នេះថា៖ ការជួបជុំថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលប្រជាជនខ្មែរគ្រប់រូប ចង់បង្ហាញប្រាប់ថា នៅពេលប្រទេសជាតិប្រឈមការគម្រាមកំហែង ឬការប្រមាថណាមួយ ប្រជាជនខ្មែរនឹងមិននៅស្ងៀមនោះទេ ហើយយើងនឹងងើបឈរដោយស្មារតីរួមគ្នា គាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងកងកម្លាំងជាតិ ក្នុងការការពារបូរណភាពទឹកដី ការពារផលប្រយោជន៍ជាតិ និងការពារភាពសុខសាន្តរបស់ប្រទេស និងប្រជាជនយើង។
លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់ទឹកចិត្ត ស្មារតី ឆន្ទៈ បងប្អូនជនរួមជាតិ ព្រះសង្ឃ ប្រជាពលរដ្ឋ តំណាគណបក្សនយោបាយ និងយុវជនពីគ្រប់ទិសទីដែលបានមកជួបជុំគ្នាដើរថ្មើរជើង «Solidarity March» ដោយបង្ហាញពីមោទនភាពជាតិខ្មែរ ស្មារតីរួបរួមសាមគ្គីគ្នាជាធ្លុងមួយគ្រប់និន្នាការនយោបាយ ក្នុងនាមខ្មែរតែមួយ ដើម្បីគាំទ្ររាជរដ្ឋាភិបាល និងលើកទឹកចិត្តកងទ័ពជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដី។
លោក ហ៊ុន ម៉ានី បានថ្លែងបន្តថា ការជុំគ្នាដើរថ្មើរជើងថ្ងៃនេះ គឺជាកម្មវិធីរបស់បងប្អូនមហាគ្រួសារខ្មែរគ្រប់គ្នាដោយបានសបញ្ជាក់ពីទឹកចិត្តម្នាក់ៗដែលជាកូនខ្មែរ មានការគិតគូរ យល់ពីសុខទុក្ខ និងចូលរួមចំណែកដោយឆន្ទៈ មោទនភាព និងការជឿជាក់ទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងកងទ័ពជួរមុខរបស់កម្ពុជា ចំពោះការការពារបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា។
លោក ហ៊ុន ម៉ានី បានបង្ហើបរឿងរ៉ាវដក់ក្នុងចិត្តចំនួនពីរ ក្នុងនោះទី១ មានយុវជនម្នាក់ បានធ្វើដំណើរតាំងពីខេត្តកំពង់ឆ្នាំង មកដល់ភ្នំពេញ ដើម្បីទិញអាវនៃកម្មវិធីជាប្រវត្តិសាស្រ្ដនេះ ទុកជាអនុស្សាវរីយ៍ការចង់ចាំរបស់គាត់ និងមួយទៀត លោក បានជួបប្អូនស្រីម្នាក់ ជាភរិយាគ្រួសារកងទ័ពដែលត្រូវជម្លៀសចេញពីផ្ទះនៅបន្ទាត់ព្រំដែន។ ប្អូនស្រីភរិយាយោធិនជួរមុខរូបនេះបានរម្លឹកថា «ប្ដីរបស់គាត់ដែលជាយោធិនបានស្នើឱ្យគាត់នាំកូនទាំង៤នាក់ ឱ្យទៅរកទីសុវត្ថិភាពពីព្រោះប្ដីគាត់យកទឹកចិត្តទៅថែរក្សាការពារបូរណភាពទឹកដីរបស់យើង» ដែលនេះគឺជាទឹកចិត្តរបស់កងទ័ព។
លោកប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានឱ្យដឹងទៀតថា ពិធីជួបជុំគ្នាដើរថ្មើរជើង «Solidarity March» បានបញ្ចប់ដោយជោគជ័យគួរជាទីមោទនៈ។ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវការដឹងគុណដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាអគ្គមគ្គទេសក៍ដ៏ឆ្នើម ក្នុងការការពារអធិបតេយ្យ បូរណភាពដែនដី កិត្យានុភាពជាតិ និងដែលតែងតែផ្តល់ភាពកក់ក្តៅ និងសេចក្តីសុខសាន្តដល់ប្រជាជនខ្មែរគ្រប់រូប។ យើងខ្ញុំគ្រប់ៗរូប បេ្តជ្ញាបន្តជឿជាក់ និងចូលរួមគ្រប់កាលៈទេសៈទាំងអស់ជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតក្នុងបុព្វហេតុជាតិមាតុភូមិ។
សូមជម្រាបថា ការធ្វើដំណើរថ្មើរជើង “Solidarity March” ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយក្នុងស្មារតី៖
-គាំទ្រ សុចរិតភាព និងភាពស្របច្បាប់របស់កម្ពុជាផ្អែកលើច្បាប់និងបទដ្ឋានគតិយុត្តផ្សេងៗ (កម្ពុជាមិនមានបំណងចង់បានទឹកដីរបស់ប្រទេសណាមួយសូម្បីតែមួយមីលីម៉ែត្រ ប៉ុន្តែកម្ពុជាក៏មិនឱ្យនររណាយកដី សូម្បីតែមួយមីលីម៉ែត្រដែរ)
-គាំទ្រវិធានការរបស់រាជរដ្ឋាភិបាល ទាំងផ្នែកការទូត ផ្នែកការពារជាតិ ផ្នែកច្បាប់ និងខឿនការពារជាតិប្រជាជន
-គាំទ្រការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំឯកសារដើម្បីដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយផ្អែកលើស្មារតី ត្រូវពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែង។
ស្មារតីយើង សកម្មភាព កាយវិការ និងសំឡេងនៃការគាំទ្ររបស់ពលរដ្ឋម្នាក់ៗ គឺជាកម្លាំងចិត្ត និងថាមពលសម្រាប់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា។
បើតាមការបញ្ជាក់របស់លោកបណ្ឌិត សោម រតនា អ្នកនាំពាក្យ ស. ស.យ.ក បានឱ្យដឹងថា បងប្អូនប្រជាពលរដ្ឋ ព្រះសង្ឃ យុវជន ជាមហាគ្រួសារខ្មែរ ដែលបានចូលរួមក្នុងពិធីការធ្វើដំណើរថ្មើរជើង “ Solidarity March “ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា (ពីសាលមហោស្រពកោះពេជ្រឆ្ពោះទៅកាន់វិមានឯករាជ្យ) នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ មានចំនួនប្រមាណ ១៥ម៉ឺននាក់ ប្រកបដោយ ឆន្ទៈ និងស្មារតីរួបរួមសាមគ្គីគ្នាជាធ្លុងមួយគ្រប់និន្នាការនយោបាយ ក្នុងនាមខ្មែរតែមួយ ដើម្បីគាំទ្ររាជរដ្ឋាភិបាល និងលើកទឹកចិត្តកងទ័ពជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដី៕
ដោយ៖តារា