ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូឌុបប្រពន្ធមានផ្ទៃពោះឆ្លងផ្លូវត្រូវម៉ូតូមួយគ្រឿងជិះបុកបណ្តាលឲ្យស្លាប់ម្នាក់របួសធ្ងន់២នាក់

ចែករំលែក៖

​ភ្នំពេញ៖​ បុរសម្នាក់ជិះម៉ូតូឌុបប្រពន្ធទៅពិនិត្យផ្ទៃពោះឆ្លងផ្លូវត្រូវម៉ូតូមួយគ្រឿងទៀតជិះលឿនបុកពេញទំហឹងបណ្តាលឲ្យស្លាប់ប្តីប្រពន្ធរបួសស្រាលចំណែកភាគីម្ខាងទៀតរបួសធ្ងន់២នាក់​ ត្រូវបានរថយន្តកងសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ។ 

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលា​ម៉ោង​២រសៀល​ថ្ងៃ​ទី​១៨ខែមិថុនា​  ឆ្នាំ​២០២៥​ នៅ​តាមបណ្តោយផ្លូវចោមចៅ(​វេងស្រេង​ )ភូមិ​ចោមចៅ​២​ សង្កាត់​ចោមចៅ​ទី​២​ ខណ្ឌ​ពោធិ៍សែន​ជ័យ​។

​ ភាគី​ម៉ូតូ​ លែត​ពណ៌​ស​ពាក់ផ្លាកលេខ​ភ្នំពេញ​1FJ7007​ បេីក​បរ​ដោយឈ្មោះ​ ស្រិន​  ថន​ ​ភេទ​ប្រុស​អាយុ​៣៣ឆ្នាំ​មុខ​របរ​លក់ដូរ​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ចោមចៅ​៣សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​​(ស្លាប់​)ចំណែកប្រពន្ធមានផ្ទៃពោះរងរបួសស្រាល។ 

ភាគី​ម៉ូតូ​ហុងដា​ឌ្រីមសង់​ពណ៌​ត្រួយចេក​ពាក់ផ្លាកលេខ​ភ្នំពេញ​1LN 0396​  បេីក​បរ​ដោយឈ្មោះ​ គឹម​ ណា​ ភេទប្រុស​អាយុ​១៩ឆ្នាំ​  មុខរបរ​កម្មករ​រោងចក្រ​អ្នក​រួម​ដំណើរ​ឈ្មោះ ​ដារា​ ភេទប្រុស​អាយុ​២០ឆ្នាំ​  មុខរបរ​កម្មករ​រោងចក្រ​ ទីលំនៅ​បច្ចុប្បន្ន​ភូមិកប់គង​សង្កាត់​ចោមចៅ​ទី​២ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​ (​រងរបួស​ធ្ងន់​)។

យោង​តាម​ការ​បំភ្លឺ​របស់​ ប្រជាពលរដ្ឋ​ នៅនឹង​កន្លែង​កើត​ហេតុ​ខាងលើ​បានឲ្យដឹង​ថា ​នៅមុន​ពេល​កេីតហេតុ​អ្នក​ ភាគី​ខាង​ម៉ូតូ​ លែត​ បាន​បេីក​បរ​ឆ្លង​ផ្លូវ​ ទិស​ដៅ​ពី​ត្បូង​ឆ្ពោះទៅ​លិច​ ពេល​ ឆ្លង​ដល់​ពាក់​កណ្ដាល​ទ្រូងផ្លូវ​ ស្រាប់តែ​ ភាគី​ខាង​ម៉ូតូ​ហុងដា​ឌ្រីម​ បេីក​បរ​ពី​ទិសដៅ​ លិច​ទៅកេីត​ ក្នុង​ល្បឿន​លឿន​ ហេីយ​បាន​ជ្រុល​ចង្កូត​ទៅ​បុក​និង​ ម៉ូតូលែតពេញទំហឹងបណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​ស្លាប់តែម្ដង​និង​ភាគី​ម៉ូតូ​ហុងដា​ឌ្រីម​ រងរបួស​ធ្ងន់​ទាំង​ពីរនាក់​    

បច្ចុប្បន្ន​សព​ត្រូវ​បាន​នគរបាល​ប្រគល់​ទៅ​អោយ​សាច់ញាតិ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ចំណែក​ភាគី​រង​របួស​ ត្រូវ​បាន​ រថយន្ត​អង្គភាព​ ៧១១​ បញ្ជូនទៅ​ មន្ទីរពេទ្យ​លោក​សង្ឃ​ ចំណែក​ម៉ូតូ​ ត្រូវ​បាន​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​យកទៅ​រក្សា​ទុក​រង់​ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖