ភ្នំពេញ ៖ ប្រុសស្រី២នាក់ជិះម៉ូតូល្មើសភ្លើងស្តុបត្រូវរថយន្តបុកបណ្តាលឲ្យរងរបួសធ្ងន់ស្រាល២នាក់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោងប្រហែល៩យប់ថ្ងៃទី២១ខែមិថុនា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវ ម៉ៅសេទុង កែង មហាវិថីព្រះមុន្នីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តម៉ាក តូយ៉ូតា ប៊ែលតា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BV-5953 បើកបរមកពីខាងស្តុបចំការមន ខណៈមកដល់ចំណុចស្តុបបូកគោ រថយន្តបានឆ្លងផ្លូវបម្រុងបត់ឆ្វេងឡើងមកលើមហាវិថី ព្រះមុន្នីវង្ស លុះបើកឆ្លងដល់ពាក់កណ្តាលផ្លូវ ស្របពេលភ្លើងស្តុបលោតទៅពណ៌ទឹកក្រូច ក៏ស្រាប់តែមាន ប្រុសស្រី០២នាក់ជិះម៉ូតូ ម៉ាក ហុងដាឌ្រីម ឆ្នាំ២០២៥ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1LD-9221 ឌុបគ្នាបំពានឆ្លងភ្លើងស្តុប បើកតាមបណ្តោយផ្លូវ ម៉ៅសេទុង បណ្តាលអោយរថយន្តជ្រុលបុកចំពាក់កណ្តាលម៉ូតូ បង្កអោយបុរសជាអ្នកឌុប បាក់ជើងរងរបួសធ្ងន់ នឹង នារីជាអ្នកជិះខាងក្រោយរងរបួសស្រាល បញ្ជូនទៅមន្ទីរពេទ្យលោកសង្ឃសង្រ្គោះតែម្តង ។ ភ្លាមៗ រថយន្តបានព្យាយាម បើករត់មកដល់ ក្បែរស្ថានទូតវៀតណាម ត្រូវបានសមត្ថកិច្ចដេញតាមឃាត់បាន យកបុរសជាអ្នកបើករថយន្តបង្ក ទៅសួរនាំនៅប៉ុស្តិ៍ទន្លេបាសាក់ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានធ្វើការវាស់វែងយករថយន្តនឹងម៉ូតូ ទៅរក្សាទុករង់ចាំដោះស្រាយគ្នាពេលក្រោយ ៕
ដោយ៖សុខាសែនជ័យ