ខេត្តកណ្ដាល៖ បុរសម្នាក់បើកម៉ូតូបត់ឆ្វេង ឆ្លងផ្លូវមិនមើលមុខមើលក្រោយ ត្រូវម៉ូតូមួយគ្រឿងទៀតបើកស្របទិសគ្នាបុកពេញទំហឹង បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសថ្ងន់ស្រាល២នាក់ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៩និង១០នាទី លើផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិសំប៉ានក្រោម ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ អ៊ូ ពេជ្រ ភេទប្រុស អាយុ៦៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិសំប៉ាន ឃុំកោះធំខ ស្រុកកោះធំ ខេត្តកណ្ដាល បើកបរម៉ូតូម៉ាកHONDA Wave ពណ៌ក្រហម គ្មានផ្លាកលេខ ។ ចំណែកភាគីម្ខាងទៀតឈ្មោះពៅ ម៉េងលាង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរចុងភៅ មានទីលំនៅភូមិពាមផ្ទោល ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល (របួសធ្ងន់) បើកបរម៉ូតូម៉ាកHONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្ដាល1AS-1753 និងអ្នករួមដំណើរឈ្មោះ សៀត ណារិទ្ធ ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរអ្នករត់តុ មានទីលំនៅភូមិភ្នំដេក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ (របួសស្រាល) ។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿង ម៉ាក HONDA Wave ពណ៌ក្រហម គ្មានពាក់ផ្លាកលេខ បើកបរដោយឈ្មោះ អ៊ូ ពេជ្រ ភេទប្រុស អាយុ ៦៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិសំប៉ាន ឃុំកោះធំខ ស្រុកកោះធំ ខេត្តកណ្ដាល (មិនពាក់មួកសុវត្ថិភាព) (ស្លាប់នៅកន្លែងកើតហេតុ) បើកក្នុងទិសដៅពីត្បូងទៅជើង (កោះធំ-តាខ្មៅ) ។ ពេលបើកមកដល់ចំណុចកើតហេតុក៏បានបត់ឆ្វេងឆ្លងផ្លូវ ក្នុងទិសដៅពីកើតទៅលិច ពេលនោះស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្ដាល1AS-1753 បើកបរដោយឈ្មោះ ពៅ ម៉េងលាង ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរចុងភៅ មានទីលំនៅភូមិពាមផ្ទោល ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល និងអ្នករួមដំណើរឈ្មោះ សៀត ណារិទ្ធ ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរអ្នករត់តុ មានទីលំនៅភូមិភ្នំដេក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ (ពាក់មួកសុវត្ថិភាពទាំងពីរនាក់) បើកបរក្នុងទិសដៅស្របគ្នា ក៏បានបុកជាមួយម៉ូតូដែលបើកឆ្លងផ្លូវខាងមុខបណ្ដាលឲ្យដួល ។ ករណីនេះបណ្ដាលឲ្យអ្នកបើកបរម៉ូតូ HONDA Wave ស្លាប់នៅកន្លែងកើតហេតុ និងអ្នកបើកបរម៉ូតូHONDA DREAM រងរបួសធ្ងន់ និងអ្នករួមដំណើររងរបួសស្រាល ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ និងវាស់វែងកន្លែងកើតហេតុ និងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់។
តាមការសន្និដ្ឋានបឋម ករណីនេះបណ្ដាលមកពីអ្នកបើកបរម៉ូតូHONDA Wave បត់ឆ្វេងឆ្លងផ្លូវមានការធ្វេសប្រហែស មិនបានមើលស្ថានភាពផ្លូវឲ្យបានច្បាស់លាស់ ខ្វះការប្រុងប្រយ័ត្ន ទើបបណ្ដាលឱ្យមានគ្រោះថ្នាក់ ៕
ដោយ៖ ស្អាងជ័យ