ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស៊ីស្រវឹង! ឪពុកស្ដីបន្ទោសបន្តិចបន្តួច ស្ទុះមកដាល់ និងទាញកាំបិតបុ័ងតោកាប់ហូរឈាមស្រោចខ្លួន

ចែករំលែក៖

 ខេត្តពោធិ៍សាត់ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំ ឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ទទួលពាក្យបណ្ដឹងពីឪពុកបង្កើត ខណៈកូនប្រុសរមើសគុណរូបនេះ ដាល់ និងទាញកាំបិតបុ័ងតោកាប់បណ្ដាលឲ្យរងរបួសយ៉ាងដំណំ នៅគ្រាដែលឪពុកស្ដីបន្ទោសរឿងផឹកស៊ី និងសុំលុយម្ដាយ ។

 ហេតុការណ៍ខាងលើបានកើតឡើង នៅវេលាល្ងាចថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្គស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ត្រង់ចំណុចផ្ទះឪពុករងរបួស ស្ថិតនៅភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ 

 មន្ត្រីនគរបាលប៉ុស្តិ៍ឲ្យដឹងថា ជនសង្ស័យដៃដល់ត្រូវជាកូនបង្កើត ឈ្មោះ ស៊ិន ទី ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ.ឃុំកើតហេតុ ។ ចំណែកជនរងរបួសត្រូវជាឪពុកបង្កើតឈ្មោះ ឆឹង រិន អាយុ ៧០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅ ភូមិ.ឃុំជាមួយគ្នា រងរបួស(រងកណ្ដាប់ និងរយាស់ខ្នងហូរឈាម)។

 ប្រភពព័ត៌មានពីមន្ត្រីនគរបាលប៉ុស្តិ៍ឲ្យដឹងបន្ថែមទៀតថា យោងការលើកហេតុផលពីឪពុករងរបួស(ឆឹង រិន)មុនកើតហេតុ កូនប្រុសរមើសគុណរូបនេះ នាំមិត្តភក្ដិផឹកស៊ីតាំងពីព្រឹក រហូតជិតដល់ល្ងាច លុះមិត្តភក្ដិត្រឡប់ទៅផ្ទះនៅឯខេត្តបាត់ដំបងបាត់អស់ កូនប្រុសរូបនេះបែរជារករឿងអ្នកផ្ទះ និងគំរាមសម្លាប់ គ្រានោះខ្លួន(ឪពុក)បានណែនាំអប់រំប៉ុន្តែមិនស្ដាប់ទេ ខ្លួន(ឪពុក)ក៍ដើរទៅដេញគោមកផ្ទះ ក៏ឃើញកូនរមើសគុណ(ស៊ិន ទី)សុំលុយម្ដាយ គាត់ក៏និយាយណែនាំបន្ថែម និងថា ម៉ែចាស់ទៅរកលុយឯណាយកមកឲ្យឯង ស្រាប់តែហក់មកដាល់គាត់ត្រូវច្រើនដៃ ថែមទាំងទាញកាំបិតបុ័ងតោមកកាប់ ប៉ុន្តែគាត់គេចក៍ត្រូវបញ្ឆិតខ្នងបែបនេះ ខ្លួនក៍បានរាយការណ៍ទៅមេភូមិដំបូក១០០ មេភូមិ(១០០)បានរាយការណ៍ដល់កម្លាំងប៉ុស្ដិ៍នគរបាលត្នោតជុំ មកយកទៅសួរនាំ និងបន្តនីតិវិធី ៕

 

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖