ព័ត៌មានទាន់ហេតុការណ៍៖

ស្វែងយល់ អំពី ការជួយសង្រ្គោះបឋមចំពោះពស់ចឹក!

ចែករំលែក៖

ភ្នំពេញ ៖ ការជួយសង្រ្គោះបឋមចំពោះពស់ចឹក! ៖ 

I. ការណែនាំ

ប្រទេសកម្ពុជាមានពស់ ៨៦ប្រភេទ៖

   – ១៧ ប្រភេទមានពិស

   – ៦ ប្រភេទ ដែលពិសរបស់វាបណ្តាលឱ្យមានភាពធ្ងន់ធ្ងរបន្ទាប់ពីចឹក

   – ៥ ប្រភេទទៀតបណ្តាលអោយស្លាប់បន្ទាប់ពីចឹក

តាមអ្នកជំនាញឯកទេសពស់បានអោយដឹងថា៖ ៨០ % នៃពស់ចឹកកើតឡើងនៅក្នុងខែមិថុនា កក្កដា សីហា និង ខែកញ្ញា។

II. រោគសញ្ញាពស់ចឹក

ក) រោគសញ្ញាទូទៅ៖

   – ចង្អោរ ក្អួត ឈឺពោះ

   – ឡេះឡះ ខ្សោយ ងងុយដេក

ខ) រោគសញ្ញានៅនឹងកន្លែងចឹក៖

   – ស្នាមរបួសមានរន្ធពីរ (ស្នាមចង្កូម២)

   – មានហូរឈាមនៅកន្លែងចឹក

   – មានការឈឺចាប់ ជាំ ហើម ក្រហម ក្តៅ

III. ការជួយសង្រ្គោះបឋម

   ១- កំណត់ប្រភេទពស់ (មានសារៈសំខាន់ក្នុងការព្យាបាលដោយប្រើថ្នាំបន្សាប)

   ២- ផ្លាស់ទីឆ្ងាយពីពស់ (សែង)

   ៣- ចំពោះអ្នកពស់ចឹកតាំងចិត្តនៅអោយស្ងៀមកុំភ័យស្លន់ស្លោ។ កាលណាភ័យស្លន់ស្លោនាំអោយ                        បេះដូងដើរលឿននាំអោយពិសពស់ជ្រាបលឿនបណ្តាលអោយគ្រោះថ្នាក់ធ្ងន់ធ្ងរ។

   ៤- ហាមលើកដៃឬជើងកន្លែងពស់ចឹកខ្ពស់ជាងបេះដូង (បេះដូងនៅក្រោមដោះខាងឆ្វេង)

   ៥- បញ្ជូនអ្នកត្រូវពស់ចឹកទៅមន្ទីរពេទ្យដែលនៅជិតអ្នកជាបន្ទាន់

   ៦- ត្រូវដោះគ្រឿងអលង្ការ ឬ សម្លៀកបំពាក់ដែលតឹងចេញពីកន្លែងពស់ចឹកចេញ

   ៧- លាងសម្អាតមុខរបួសកន្លែងពស់ចឹកដោយសាប៊ូ និងទឹក ឬ នឹងទឹកថ្នាំសម្លាប់មេរោគ

   ៨- រុំមុខរបួសដោយបង់ ដោយចាប់ផ្តើមពីក្រោមមុខរបួសឡើងទៅលើ

   ៩- រក្សាគម្លាត២ម្រាមដៃ ឬ២សង់ទីម៉ែត្រពីកន្លែងពស់ចឹកពេលរុំបង់

IV. វិធានការណ៍ការពារ

   – អប់រំប្រជាជនក្នុងសហគមន៍អោយចេះដឹងពីវិធានការណ៍ការពារ និងហានិភ័យពស់ចឹក និង ការសង្គ្រោះបឋមបន្ទាប់ពីពស់ចឹក

   – ពាក់ស្បែកជើងកវែងពេលធ្វើដំណើរកាត់ព្រៃ ឬកាត់វាលបឹង (៥០ % នៃពស់ចឹកគឺចឹកជើងក្រោមជង្គង់)

   – ចំពោះអ្នកនៅជនបទស្រែចំការសំរាន្តលើគ្រែចងមុង។

   – ហាមសម្រាន្តផ្ទាល់ដី ឬលើស្មៅ

   – ធ្វើដំណើរពេលយប់ប្រើភ្លើងពិល

   – សម្អាតទីធ្លាជុំវិញផ្ទះកុំអោយមានស្មៅ

   – ហាមចាប់ពស់

នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕ 

ដោយ ៖ សិលា


ចែករំលែក៖