ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្រោយឆក់ទូរស័ព្ទពីនារីម្នាក់បានសម្រេច

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យ២នាក់បានជិះម៉ូតូធ្វេីសកម្មភាពឆក់យកទូរស័ព្ទដៃពីនារីម្នាក់បានសម្រេចហេីយព្យាយាមគេចខ្លួនត្រូវបានសមត្ថកិច្ចឃាត់បានភ្លាមៗកាលពីវេលាម៉ោង៦និង១០នាទីព្រឹក​ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅមហាវិថីចោមចៅ មុខផ្សារចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ ។

ជនសង្ស័យទី១-ឈ្មោះ រក្សា ពេច ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ទី២-ឈ្មោះគុណ សុភ័ក្រ្ដ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ចំណែកជនរងគ្រោះឈ្មោះសារ៉ាត់ សុខរចនា ភេទស្រី អាយុ២១ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ហើយទូរស័ព្ទ​ដែលត្រូវជនសង្ស័យឆក់នោះម៉ាកIphone12 promax ។

ជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុនាងបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាស្កូបពីពណ៌ស ពាក់ស្លាកលេខភ្នំពេញ1JI-3233 ចេញពីផ្ទះទៅធ្វើការរោងចក្រនៅម្ដុំផ្សារទួលពង្រ ដោយបានទុកទូរស័ព្ទនៅឃ្លុបម៉ូតូខាងមុខ ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យទាំង២នាក់ខាងលើជិះម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមសេ125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ ភ្នំពេញ1IN-8915 មកពីក្រោយ រួចបានធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់នាងបានសម្រេចរួចព្យាយាមជិះម៉ូតូគេចខ្លួន។

ជនរងគ្រោះបាននិយាយបន្តទៀតថា ពេលនោះនាងក៏ស្រែកថាចោរៗ និងជិះម៉ូតូដេញតាម ហើយបានជួបកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ កំពុងល្បាតតាមមហាវិថីចោមចៅ នគរបាលក៏បានជួយដេញតាមរហូតដល់ផ្លូវ៣០ម៉ែត្រភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ទើបតាមទាន់ ។ ខណៈនោះនគរបាលបានធាក់ម៉ូតូផ្ដួលបណ្ដាលឲ្យដួលហើយជនសង្ស័យម្នាក់បានរត់ចូលព្រៃក្នុងដីឡូត៍មួយកន្លែង និងម្នាក់ទៀតរត់ចូលផ្ទះជួល ទើបត្រូវនគរបាលឃាត់ខ្លួនបាន ហើយដកហូតទូរស័ព្ទប្រគល់ឲ្យជនរងគ្រោះវិញ។ បន្ទាប់មកបាននាំជនសង្ស័យទាំង២នាក់ទៅសាកសួរនៅប៉ុស្តិ៍ចោមចៅទី២ដើម្បីចាត់ការតាមច្បាប់ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖