ព័ត៌មានទាន់ហេតុការណ៍៖

មីយ៉ាន់ម៉ា គ្រឿងញៀនខុសច្បាប់ដែលមានតម្លៃ ៣០០លានដុល្លារ ត្រូវបានដុតបំផ្លាញចោល

ចែករំលែក៖

មីយ៉ាន់ម៉ា៖ អាជ្ញាធរមីយ៉ាន់ម៉ាបានបំផ្លាញគ្រឿងញៀនខុសច្បាប់ដែលមានតម្លៃគិតជាទឹកប្រាក់ជិត៣០០លានដុល្លារ នៅថ្ងៃទី២៦ ខែមិថុនា ដើម្បីប្រារព្ធទិវាអន្តរជាតិប្រឆាំងការប្រើប្រាស់គ្រឿងញៀន និងការជួញដូរខុសច្បាប់របស់ប្រទេស ដែលល្បីល្បាញជាប្រភពផលិតគ្រឿងញៀននេះ។ នេះបេីយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA ។

សារព័ត៌មាន CNA ប្រចាំនៅប្រទេសមីយ៉ាន់ម៉ា បាននិយាយថា ព្រឹត្តិការណ៍ដុតបំផ្លាញគ្រឿងញៀនទ្រង់ទ្រាយធំបានកើតឡើងនៅក្នុងទីក្រុងធំៗរួមមាន Yangon, Mandalay, និង Taunggyi។ វត្ថុតាងដែលត្រូវបានបំផ្លាញនោះរួមមាន ហេរ៉ូអ៊ីន អាភៀន មេតំហ្វេតាមីន កញ្ឆា កេតាមីន និងម៉ាទឹកក។

ចំណាត់ការនេះ ធ្វើឡើងបន្ទាប់ពីការព្រមានដ៏គួរឱ្យព្រួយបារម្ភពីអង្គការសហប្រជាជាតិ អំពីការកើនឡើងនៃការផលិតថ្នាំញៀននៅក្នុងតំបន់ត្រីកោណមាស ជាពិសេសនៅក្នុងរដ្ឋ Shan ភាគខាងកើតនៃប្រទេសមីយ៉ាន់ម៉ា។ ប្រទេសនេះនៅតែជាប្រទេសផលិតអាភៀនដ៏ធំបំផុតរបស់ពិភពលោក និងជាមជ្ឈមណ្ឌលជួញដូរដ៏សំខាន់ ដោយលំហូរគ្រឿងញៀនបានពង្រីកនៅទូទាំងអាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង។

អ្នកជំនាញអង្គការសហប្រជាជាតិ ក៏បានបន្ទោសការកើនឡើងនៃផលិតកម្មគ្រឿងញៀនលើអស្ថិរភាពនយោបាយ និងភាពគ្មានច្បាប់ បន្ទាប់ពីរដ្ឋប្រហារយោធាឆ្នាំ ២០២១ របស់មីយ៉ាន់ម៉ា ដែលបានជំរុញឱ្យមានជម្លោះស៊ីវិលដែលកំពុងបន្ត និងធ្វើឱ្យការគ្រប់គ្រងរដ្ឋចុះខ្សោយនៅក្នុងតំបន់ផលិតគ្រឿងញៀន៕

(រូបភាព៖ AP)

ដោយ៖តារា


ចែករំលែក៖