ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដសុខៗ ស្រាប់តែងងឹតមុខរេចង្កូតទៅបុករថយន្ដ០២គ្រឿងដែលចតលើខឿនផ្លូវបោកផ្ទប់នឹងបង្គោលភ្លើង រងការខូចខាតរថយន្តមួយកំណត់មុខ តែសំណាងល្អក្នុងករណីនេះគ្មានអ្នករបួសឡើយ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ និង០០នាទីព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៩៦២ ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ មានរថយន្ដស៊េរីទំនើបមួយគ្រឿងម៉ាក chevrolet tracker ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2CD- 7059 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៩៦២ ក្នុងទិសដៅពីកើតទៅលិចដោយល្បឿនមធ្យម ខណៈពេលមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញរថយន្ដខាងលើ រេចង្កូតទៅបុករថយន្ដ ម៉ាក Toyota Hilux និងរថយន្ដម៉ាក Toyota Prius ដែលចតលើខឿនផ្លូវបណ្ដាលអោយបោកផ្ទប់ជាមួយនឹងបង្គោលភ្លើងរងការខូចខាតផ្នែកពីខាងក្រោយ ចំណែករថយន្ដបង្កខូចខាតមួយកំណាត់មុខខាងស្ដាំធ្ងន់ធ្ងរ ។
បើតាមប្រភពព័ត៌មានពីម្ចាស់រថយន្ដ chevrolet tracker បានអោយដឹងថា ខណៈពេលដែលគាត់កំពុងបើករថយន្ដ សុខៗ ស្រាប់តែងងឹតមុខឈឹង ដោយទប់ស្មារតីមិនបានក៏រេចង្កូតរថយន្ដទៅបុករថយន្ដ២គ្រឿង រួមទាំងបង្គោលភ្លើងផងដែរ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុហើយបានធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមកធ្វើការវាស់វែងយករថយន្ដបង្ករួមទាំងរថយន្ដរងគ្រោះទាំង០២គ្រឿងទៅរក្សាទុករង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕

ដោយ ៖ ភារ៉ា ដង្កោ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច