ខេត្តស្វាយរៀង៖ លោក សរ សុដានី អភិបាលរងខេត្តតំណាងលោកប៉េង ពោធ៏សា អភិបាលខេត្តស្វាយរៀង បានថ្លែងថា រុក្ខទិវាបានជំរុញលើកកម្ពស់ស្មារតីស្រលាញ់ធម្មជាតិ ព្រៃឈើ សត្វព្រៃដល់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីពង្រីកការដាំដុះថែរក្សាការពារព្រៃឈើអោយក្លាយជាលំនៅឋានបៃតង សហគមន៍បៃតង ក្រុងស្រុកបៃតង ព្រោះថាព្រៃឈើបានរួមចំណែកច្រើនណាស់ក្នុងបរិស្ថានជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សជាតិ និងបានលើកកម្ពស់សេដ្ឋកិច្ចជាតិនិងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។
ការថ្លែងបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ ក្នុងពិធីរុក្ខទិវាដែលប្រារព្ធធ្វេីនៅបរិវេណអនុវិទ្យាល័យសោមឯមឆ្មា ដោយមានការចូលរួមពីសំណាក់លោក រាណ សុវណ្ណរិទ្ធ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត នៅក្នុងភូមិពង្រ ឃុំឆ្មា ស្រុករំដួល ខេត្តស្វាយរៀង។
មានប្រសាសន៍ទៅកាន់អង្គពិធី លោកអភិបាលរងខេត្តបានថ្លែងថា ថ្ងៃនេះជាទិវាមួយប្រកបដោយបរិយាកាសរីករាយក្រោមដំបូលសន្តិភាព ហេីយបានប្រារព្ធពិធីរុក្ខទិវា ឆ្នាំ២០២៥នេះ និងសូមសម្តែងនូវការអបអរសាទរយ៉ាងក្រៃលែងដោយឃើញវត្តមានមន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញមកចូលរួមនាពេលនេះ។ ទន្ទឹមនឹងនេះសូមកោតសរសើរដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានជ្រើសរើសយកអនុវិទ្យាល័យសោមឯមឆ្មា ស្ថិតនៅភូមិ ពង្រ ឃុំឆ្មា ស្រុករំដួល សំរាប់ចាត់ចែងរៀបចំពិធីនេះឡើងតាមគោលការណ៍របស់រាជរដ្ឋាភិបាលដែលបានកំណត់យកថ្ងៃទី៩ ខែកក្កដា ជារៀងរាល់ឆ្នាំ ជាថ្ងៃប្រារព្ធពិធីរុក្ខទិវា សម្រាប់ជាឧត្តមប្រយោជន៍ដល់សង្គមជាតិយើង។
លោកអភិបាលរងបានបន្តថា ពិធីរុក្ខទិវាដែលកំពុងប្រារព្ធឡើងនៅពេលនេះ មានអត្ថន័យនិងសារៈសំខាន់យ៉ាងជ្រាលជ្រៅបំផុត សម្រាប់បំផុសស្មារតីប្រជាពលរដ្ឋ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទឲ្យចូលរួមដាំដុះព្រៃឈើ ថែរក្សាការពារព្រៃឈើ សត្វព្រៃ ដើម្បីប្រែក្លាយទីនេះឲ្យមានភាពស្រស់បំព្រង និងអភិវឌ្ឍន៍ធនធានព្រៃឈើឲ្យកាន់តែសំបូរឡើងថែមទៀត នៅគ្រប់ទិសទីក្នុងខេត្តស្វាយរៀង។
ជាមួយនេះ លោកអភិបាលរងខេត្តសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋយើងនឹងយកចិត្តទុកដាក់ និងជំរុញការដាំឈើ គ្រប់ប្រភេទឲ្យច្រើនជាអតិបរមានៅតាម ទីវត្តអារាម តាមភូមិឋាន តាមទីសាធារណៈ តាមប្រព័ន្ធទំនប់ប្រឡាយ និងតាមដងផ្លូវនានា ហើយខិតខំថែរក្សារុក្ខជាតិទាំងនេះឲ្យដុះលូតលាស់ឡើងជាប្រយោជន៍ដល់មនុស្សជាតិលើពិភពលោករាប់ជំនាន់ក្រោយៗទៀត៕

ដោយ៖ សុថាន
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច