ព័ត៌មានទាន់ហេតុការណ៍៖

ឃាតកមិនស្គាល់មុខចាក់ទៅលើបុរសម្នាក់ជាច្រើនកាំបិតបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមក្បែរវត្តស្ទឹងមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ គួរឱ្យរន្ធត់ណាស់! បុរសម្នាក់ត្រូវបានឃាតកមិនស្គាល់មុខដេញចាក់សម្លាប់ជាច្រើនកាំបិតបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម ចំណែកជនបង្ករត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១:៣០នាទីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចក្បែររបងវត្តស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីឪពុកជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ  ជនរងគ្រោះបានសុំលុយពីម្តាយទៅទិញបារីជក់និងទឹកសុទ្ធ១ដប រួចក៏ដើរត្រឡប់ទៅផ្ទះវិញ នៅពេលនោះស្រាប់តែមានយុវជន២នាក់បានជិះម៉ូតូ១គ្រឿងមិនស្គាល់ម៉ាក ជិះឌុបគ្នាកាត់តាមផ្លូវបេតុងក្បែររបងវត្តស្ទឹងមានជ័យហើយក៏ដួលភ្លាមនោះដែរជនរងគ្រោះបានរត់ទៅជួយលើកម៉ូតូ ពេលទៅដល់ពុំដឹងថាមានទំនាស់ពាក្យសម្តីរឿងអ្វីនោះទេបានជាឈានដល់ប្រើហិង្សាឈ្លោះប្រកែកគ្នា ធ្វើឲ្យភាគីជនដៃដល់យកកាំបិតចាក់ទៅលើជនរងគ្រោះជាច្រើនកាំបិតបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម ពេលធ្វើសកម្មភាពហិង្សារួច ជនបង្កបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។ ក្រោយមកប្រជាពលរដ្ឋនៅក្បែរខាងក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យនៅទីតាំងកើតហេតុភ្លាមៗផងដែរ។

ក្រោយទទួលបានព័ត៌មាននេះសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចក៏ទាក់ទងទៅមន្ត្រីជំនាញផ្នែកកោសល្យវិច័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឲ្យចុះមកពិនិត្យសព។ បន្ទាប់ពីសមត្ថកិច្ចជំនាញពិនិត្យរួចក៏ធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯជនបង្កសមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវដើម្បីតាមឃាត់ខ្លួនយកមកចាត់ការតាមនីតិវិធីច្បាប់៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖