កំពង់ឆ្នាំង ៖ ផ្លូវបេតុងលិចទឹក២ខ្សែមានប្រវែងជិត៣០គីឡូម៉ែត្រ ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងសាងសង់ជិតរួចរាល់១០០%ហើយនោះ នឹងបានក្លាយជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់មួយសំរាប់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម ។ ផ្លូវបេតុងលិចទឹកនេះបានតភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋក្នុងស្រុកជលគីរី ខេត្តកំពង់ឆ្នាំង និង ស្រុកបាធាយ ខេត្តកំពង់ចាមតាមរយៈការដឹកកសិផល ពីស្រែចម្ការទៅទីផ្សារ និងទំនិញចេញចូលកាន់តែងាយស្រួល ក៏ដូចជាការប្រាស្រ័យទាក់ទងគ្នា ការចរាចរទៅមកបានរហ័សទាន់ចិត្ត ចំណេញពេលវេលា ថវិកាផងដែរ ។
លោក ដូវ គឹមស៊ីន អភិបាលស្រុកជលគីរីបានបញ្ជាក់ប្រាប់ថា ស្រុកជលគិរី ជាស្រុកមួយនៅដាច់ឆ្ងាយពីទីរួមខេត្តកំពង់ឆ្នាំង ដោយសារតែការធ្វើដំណើរ មានការពិបាក ដោយ ផ្លូវទឹកផង និងផ្លូវគោកផង ធ្វើដំណើរតាមខ្នងកោះ ហើយជាផ្លូវដែលពិបាកខ្លាំង ចំណាយពេលយូ ។ ប៉ុន្តែ នាពេលនេះពិតជាភ័ព្វសំណាងរបស់បងប្អូនប្រជាពលរដ្ឋស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ក៏ដូចជាអ្នករស់នៅស្រុកបាធាយ ខេត្តកំពង់ចាម ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រី បានផ្តល់ផ្លូវបេតុងលិចទឹក២ខ្សែដ៏មានសារៈសំខាន់នេះសំរាប់ពួកគាត់។ ផ្លូវបេតុងនេះ មានប្រវែងជាង២៦គីឡូម៉ែត្រ តភ្ជាប់ពីឃុំកំពង់អុស ឃុំពាមឆ្កោក និងឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។ ពេលនេះប្រជាពលរដ្ឋលែងមានការលំបាកដូចមុនដោយប្រើទូកកាណូតទៀតហើយ និងអាចធ្វើដំណើរការដឹកកសិផលទៅមកទីផ្សារខេត្តកំពង់ឆ្នាំង ក្រុងភ្នំពេញ ឬខេត្តកំពង់ចាមបានទាន់ពេលវេលា ចំណេញថវិកា ប្រជាពលរដ្ឋងាយស្រួលទៅមក សិស្សសាលា មន្ត្រីរាជការកងកម្លាំងងាយស្រួលទៅមក និងយកអ្នកជម្ងឺទៅមន្ទីរពេទ្យ។ ក្រោយពីផ្លូវបេតុងនេះបានកសាងរួច ការចរាចរទៅមករបស់ប្រជាពលរដ្ឋ កសិករ មន្ត្រីរាជការ កងកម្លាំង មមាញឹក ដែលធ្វើអោយស្រុកជលគីរីសព្វថ្ងៃ មិននៅឆ្ងាយពីក្រុងកំពង់ឆ្នាំងដូចពេលមុនឡើយ។ ធ្លាប់តែជិះកាណូតប្រើពេលពី៣ទៅ៤ម៉ោងទើបដល់ស្រុកជលគីរី ពេលនេះគេអាចធ្វើដំណើរតែ១ម៉ោងជាងទាំងការឆ្លងសាឡាង គឺបានទៅដល់ទីរួមស្រុកតែម្តង ។
ប្រជាពលរដ្ឋស្រុកជលគីរី ដែលជាអ្នកទទួលផលនៃគម្រោងផ្លូវបេតុងនេះបានឱ្យដឹងថា ផ្លូវតាមខ្នងកោះរបស់ស្រុកជលគិរី ក្នុងឃុំទាំង៣នេះ គឺពិតជាពិបាកខ្លាំងណាស់ ក្នុងការធ្វើដំណើរ ដោយប្រើរយៈពេលយូ ហើយផ្លូវដីហុយពិបាកក្នុងការធ្វើដំណើរ ប្រជាពលរដ្ឋភាគច្រើនធ្វើដំណើរតាមកាណូតតែចំណាយពេលយូ ពិសេសពេលមានជំងឺម្តងៗ ពិបាកក្នុងការដឹកអ្នកជម្ងឺមកកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ ។
ប្រជាពលរដ្ឋបានបញ្ជាក់ទៀតថា ពិតជាសប្បាយរីករាយជាខ្លាំងព្រោះថា ពេលនេះការលំបាកនៃការធ្វើដំណើរត្រូវបានកាត់បន្ថយហើយ ក្រោយពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានផ្តល់ផ្លូវបេតុង២ខ្សែនេះដោយឆ្លងកាត់ឃុំចំនួន៣របស់ស្រុកជលគិរី តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ។ ផ្លូវបេតុងលិចទឹក២ខ្សែ ដែលផ្លូវទាំង២ខ្សែនេះពិតជាបាន បំរើដល់ផលប្រយោជន៍ ដល់ប្រជាពលរដ្ឋពិតប្រាកដ ។ ប្រជាពលរដ្ឋទាំងអស់ សប្បាយចិត្តយ៉ាងក្រៃលែង ដោយបានឃើញផ្លូវបេតុងលិចទឹក២ខ្សែ លេចចេញជារូបរាង និងបានប្រើប្រាស់ងាយស្រួលគ្រប់មធ្យោបាយធ្វើដំណើរ ចំណេញពេលវេលា ចំណេញថវិកា ជាពិសេសជួយដលអ្នកជម្ងឺទៀតផង។
គួរបញ្ជាក់ផងដែរថា ខេត្តកំពង់ឆ្នាំងក្រោមការដឹកនាំរបស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ពិតជាមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ពីក្រុងដល់ជនបទ ជាក់ស្តែងនៅស្រុកជលគិរីនេះ ក្រោមគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទដែលធន់នឹងការប្រែប្រួលអាកាសធាតុរបស់ក្រសួងអភិវឌ្ឍន៍ជនបទ គាំទ្រថវិកាដោយរាជរដ្ឋាភិបាលកម្ពុជា និងពីមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ បានធ្វើការកែលម្អផ្លូវជនបទដោយក្រាលបេតុងនៅក្នុងស្រុកជលគីរី ខេត្តកំពង់ឆ្នាំងមាន២ខ្សែអមតាមមាត់ទន្លេមានប្រវែងជាង២៦គីឡូម៉ែត្រ ។ ផ្លូវបេតុងលិចទឹកទី១ប្រវែង១៧,៦៨គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់០,២០ម៉ែត្រ និងខ្សែទី២ប្រវែង៨,៥៨គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់០,២០ម៉ែត្រ រួមនិងមានស្ពាន លូប្រអប់ លូមូលមួយចំនួនផងដែរ ៕
ដោយ៖ ចន្ថា