ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តបន្ទាយមានជ័យបញ្ចេញរថយន្តជាច្រេីនគ្រឿង ជូនបងប្អូនពលករវិលត្រឡប់ទៅកាន់ស្រុកកំណេីត(មានវីដេអូ)

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បងប្អូនពលករខ្មែរទៅធ្វើការនៅប្រទេសថៃ បានបន្តវិលត្រឡប់មកកម្ពុជាវិញនៅតាមច្រកម៉ាឡៃ ដើម្បីវិលមកស្រុកកំណើតក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចជានតាមបណ្ដាខេត្តនានា នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ ២០២៥។ 

ជាមួយគ្នានោះដែរ អាជ្ញាធរខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ក៏បានធ្វើការសម្របសម្រួលរៀបចំទីតាំងសំចតបណ្ដោះអាសន្ននៅរដ្ឋបាលខេត្ត ដើម្បីឱ្យបងប្អូនពលករបានសម្រាក រួមទាំងបានផ្តល់អាហារសម្រន់មុនបន្តដំណេីរវិលត្រឡប់ទៅកាន់ស្រុកកំណេីតនៅតាមបណ្តាខេត្ត ដោយរដ្ឋបាលខេត្តបានរៀបចំនូវរថយន្តជាច្រេីនគ្រឿងដេីម្បីជូនបងប្អូនវិលទៅស្រុកកំណេីតវិញ។ 

ក្នុងនោះក្រុមការងារចម្រុះមានមន្ទីរការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ បបសខេត្ត រង់ចាំទទួលបងប្អូនដែលត្រឡប់មកមាតុភូមិវិញព្រមទាំងបានណែនាំអំពីឱកាសការងារ ដែលផ្តល់ជូនដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បើកឱកាសឱ្យបងប្អូនពលករមានការងារធ្វេីនៅក្នុងស្រុក ដោយមិនចាំបាច់ធ្វើចំណាកស្រុកទៅប្រទេសជិតខាងឡេីយ។ 

បងប្អូនពលករក៏បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏ដូចជារដ្ឋបាលខេត្ត ដែលបានទទួលពួកគាត់យ៉ាងរួសរាយរាក់ទាក់ ព្រមទាំងបានផ្តល់ការងារឱ្យពួកគាត់មានឱកាសធ្វើនៅក្នុងស្រុក ជួបជុំប្រពន្ធកូន ហេីយពួកគាត់ក៏បានសន្យាថានឹងមិនវិលត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញឡើយ ដោយពួកគាត់មានឱកាសធ្វេីការងារនៅក្នុងស្រុក នៅជិតឪពុកម្តាយ និងប្រពន្ធកូន៕

ដោយ៖ វណ្ណា


ចែករំលែក៖