ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូទៅទិញនំទុកធ្វេីខួបកំណេីតខ្លួនឯងត្រូវរថយន្តបុកស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូទៅទិញនំទុកធ្វេីខួបកំណេីតខ្លួនឯងត្រូវបានរថយន្តបេីកបុកពេញទំហឹងបណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ 

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅផ្លូវលេខ១០៥k សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេឃើញរថយន្តម៉ាកតូយូ៉តាព្រូស ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BO-3925 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១០៥k ក្នុងទិសដៅពីជើងទៅត្បូង ។លុះមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូ PCX ១គ្រឿងដែលមានស្លាកលេខ ភ្នំពេញ 1LA-7738 ធ្វើដំណើរពីត្បូងទៅជើងតាមបណ្តោយផ្លូវលេខ១០៥K ក្នុងទិសដៅបញ្ជ្រាសទិសគ្នាជាមួយរថយន្ត ក៏ត្រូវបានរថយន្តរេចង្កូតទៅបុកពេញទំហឹង បណ្តាលឲ្យម៉ូតូខ្ទាតចូលគុម្ពោតព្រៃ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ចំណែកម៉ូតូ PCX ត្រូវបានរងការខូចខាតមួយកំណាត់មុខ ។ បើតាមប្រភពពីអ្នកស្គាល់បុរសរងគ្រោះថា ជនរងគ្រោះបានខ្ចីម៉ូតូ PCX របស់មិត្តដើម្បីជិះទៅទិញនំខួបកំណើតទុកធ្វើខួបអោយខ្លួនឯង តែបែរជាជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តបុកស្លាប់ទៅវិញ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកកាន់ទីតាំងខាងលើ និងបាននាំខ្លួនម្ចាស់រថយន្តបង្ក ដែលកំពុងស្ថិតក្នុងស្ថានភាពស្រវឹងទៅប៉ុស្តិ៍ដើម្បីធ្វើការសួរនាំនិងអនុវត្តបន្ត ព្រមទាំងបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ដើម្បីចុះមកធ្វើការវាស់វែងនិងយករថយន្តបង្ក រួមទាំងម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ នៅពេលក្រោយ៕

ដោយ ៖ សុខាសែនជ័យ


ចែករំលែក៖