ភ្នំពេញ៖ នារីម្នាក់ខំងើបតាំងពីព្រឹកព្រលឹមដើម្បីជិះម៉ូតូឌុបបងប្រុសទៅធ្វើការសំណង់ ខណៈពេលជិះត្រឡប់ទៅផ្ទះវិញដល់ពាក់កណ្ដាលស្ពានព្រែកព្នៅសង្ស័យត្រូវរថយន្ដមិនស្គាល់ម៉ាកកៀរបណ្ដាលអូសដួលផ្កាប់មុខស្លាប់និងថ្នល់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង០៧ និង០០នាទីព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ត្រង់ចំណុចលើស្ពានព្រែកព្នៅ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
សពនារីរងគ្រោះ មានឈ្មោះ ឈិន ស្រីនាង អាយុ២៣ ឆ្នាំ។ ស្រុកកំណើតនៅភូមិចំការជ្រៃ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ បច្ចុប្បន្នស្នាក់ សង្កាត់គីឡូម៉ែត្រលេខ០៩ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញនារីម្នាក់ជិះម៉ូតូម៉ាកហុងដា ធូដេមួយគ្រឿង ពណ៌ផ្កាឈូក ពាក់ផ្លាកលេខភ្នំពេញ 1HA- 8915 បានធ្វើដំណើរឡើងលើស្ពានព្រែកព្នៅឆ្ពោះទៅផ្លូវវិមានឈ្នះ ឈ្នះ ទិសដៅពីលិចមកកើត ដោយសង្ស័យមានរថយន្ដមិនស្គាល់ម៉ាកកៀរបណ្ដាលអោយដួលស្លាប់ផ្កាប់មុខនិងថ្នល់ ។ ភ្លាមនោះប្រជាពលរដ្ឋដែលឃើញហេតុការណ៍ក៏បានធ្វើការទាក់ទងទៅរថយពេទ្យផងដែរដើម្បីធ្វើការសង្គ្រោះតែជាអកុសល ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។
តាមប្រភពពីបងប្រុសជនរងគ្រោះបានបន្ដទៀតថា មុនពេលកើតហេតុប្អូនស្រីរបស់គាត់បានជិះម៉ូតូឌុបគាត់ចេញផ្ទះនៅគីឡូម៉ែត្រលេខ០៩ ដើម្បីជូនទៅធ្វើការសំណង់នៅខណ្ឌព្រែកព្នៅរួចក៏បានជិះម៉ូតូត្រឡប់ទៅផ្ទះវិញ។ រហូតដល់ម៉ោង០៧កន្លះ ស្រាប់តែប្រពន្ធគាត់បានតេប្រាប់ថាមិនទាន់ឃើញប្អូនស្រីមកដល់ផ្ទះទេ រួចបានខ្ចីម៉ូតូគេដើម្បីជិះដើររកឃើញប្អូនស្រីជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជិវីតបែបនេះសោះ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ចំណុចកើតហេតុបានធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ធ្វើការវាសវែ់ងម៉ូតូជនរងគ្រោះ យកទៅរក្សាទុកនៅអធិកាដ្ឋាននគរបាលខណ្ឌព្រែកព្នៅជាបណ្ដោះអាសន្ន។ និងស្រាវជ្រាវពិនិត្យមើលកាំមេរ៉ា សុវត្ថិភាពរករថយន្ដដែលបង្កដើម្បីចាត់ការតាមនីតិវីធីច្បាប់ ។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចក៏ប្រគល់ទៅអោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕


ដោយ ៖ ភារ៉ា ដង្កោ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច