ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តសៀមរាប សហគមន៍ទឹកជប់ខ្នារពោធិ៍ ជាជម្រកព្រៃកោងកាងទឹកសាបធំជាងគេនៅកម្ពុជា

ចែករំលែក៖

ខេត្តសៀមរាប៖ សហគមន៍ព្រៃឈើ ទឹកជប់ខ្នារពោធិ៍ ស្ថិតនៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប គឺជាតំបន់អភិរក្សព្រៃកោងកាងទឹកសាប ឬកោងកាងគោកដែលធំជាងគេនៅកម្ពុជា។ តំបន់នេះ មានផ្ទៃដីកោងកាងសរុបប្រមាណ ៩៨ហិកតា ក្នុងចំណោមផ្ទៃដីសរុបរបស់សហគមន៍ទំហំ ១ ០២២ ហិកតា គឺប្រហែល ១០ភាគរយ នៃផ្ទៃដីសរុប។

ខេត្តសៀមរាប ត្រូវបានល្បីល្បាញលើសកលលោកថា ជាទីតាំងសម្បូរនៃសំណង់បេតិកភណ្ឌ តែមនុស្សភាគច្រើនមិនសូវបានដឹងឡើយថាខេត្តនេះ ជាទីតាំងដ៏សំខាន់នៃធនធានធម្មជាតិដ៏មានតម្លៃមួយដែរ។ ចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ ពីក្រុងសៀមរាប ទេសចរអាចធ្វើដំណើរទៅទស្សនាតំបន់អេកូទេសចរណ៍សហគមន៍ទឹកជប់ខ្នារពោធិ៍ ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៨ ហើយបានក្លាយជាតំបន់ទេសចរណ៍នៅឆ្នាំ២០១៩។

ការដើរលើស្ពានឈើពត់បែនក្នុងព្រៃកោងកាង ជាបទពិសោធមួយគួរឱ្យចាប់អារម្មណ៍។ នៅទីនេះ អ្នកទេសចរអាចទស្សនាដើមកោងកាងខ្ពស់ៗ ប្រហែលជាង១០ម៉ែត្រ បង្កើតបានជាម្លប់ត្រជាក់ ស្ទើរមិនឱ្យពន្លឺថ្ងៃជះប៉ះអ្នកដំណើរ។ ការដើរទស្សនាក្នុងព្រៃនេះ អាចចំណាយពេលប្រហែល៣០នាទី ទៅ៤០នាទី។

ក្រៅពីទេសចរណ៍ធម្មជាតិ ទេសចរនៅទីនេះក៏អាចចូលរួមក្នុងសកម្មភាពផ្សេងៗជាមួយសហគមន៍ ដូចជាការដេរស្លឹកឃុនមារ, ការធ្វើអំបោសផ្អាវ, ការធ្វើអំបោសផ្កាស្មៅ និងការដាំកូនឈើ។ អ្វីដែលបន្ថែមចំណាប់អារម្មណ៍ដលើអ្នកទេសចរទៀតនោះគឺ តូបអាហារ និងផលិតផលសហគមន៍ ត្រូវបានរៀបចំដើម្បីលក់ផលិតផលកសិកម្ម និងអនុផលព្រៃឈើតាមរដូវកាលដែរ៕

ដោយ៖តារា


ចែករំលែក៖