សារព័ត៌មាន South China Morning Post (SCMP) បានដកស្រង់ការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលបានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន មុននឹងចូលរួមក្នុងកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ឬហៅកាត់ថា APEC នៅចន្លោះពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឬក៏លោកអាចនឹងជួបជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង អំឡុងកិច្ចប្រជុំ APEC ក្នុងប្រទេសកូរ៉េខាងត្បូង។
South China Morning Post ដោយផ្អែកលើប្រភពជាច្រើនដែលខ្លួនទទួលបាន ធ្វើសេចក្ដីរាយការណ៍ខាងលើកាលពីថ្ងៃអាទិត្យ ទី២០ ខែកក្កដា។ ក្រុមមន្ត្រីអាមេរិក និងចិន បាននិងកំពុងពិភាក្សាពីការរៀបចំជំនួបរវាងមេដឹកនាំនៃប្រទេសទាំង២ ក្នុងតំបន់អាស៊ីនៅក្នុងឆ្នាំ២០២៥នេះ។ ប៉ុន្តែភាគីទាំង២មិនទាន់អាចបញ្ជាក់ពីកាលបរិច្ឆេទ ឬទីតាំងរៀបចំកិច្ចប្រជុំកំពូលនៅឡើយទេ ខណៈអាមេរិកនិងចិនកំពុងព្យាយាមស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មឱ្យបានមុនឱសានវាទដែលលោក ត្រាំ បានកំណត់យកថ្ងៃទី១២ ខែសីហា សម្រាប់ការឈានដល់កិច្ចព្រមព្រៀងអចិន្ត្រៃយ៍មួយស្ដីពីពន្ធគយ។
សហរដ្ឋអាមេរិកនិងចិនបានរៀបចំកិច្ចប្រជុំកម្រិតខ្ពស់កាលពីថ្ងៃទី១១ ខែកក្កដា ក្នុងប្រទេសម៉ាឡេស៊ី រវាងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi។ ប្រមុខការទូតទាំង២បានអះអាងថា កិច្ចប្រជុំនេះប្រព្រឹត្តទៅដោយលក្ខណៈស្ថាបនា និងវិជ្ជមាន។ លោក Rubio ថែមទាំងបង្ហើបទៀតផងថា លោក ត្រាំ ត្រូវបានអញ្ជើញសម្រាប់ការធ្វើទស្សនកិច្ចប្រទេសចិន ដើម្បីជួបលោក ស៊ី ជីនពីង ហើយថាមេដឹកនាំទាំង២សុទ្ធតែចង់ឱ្យជំនួបនេះកើតឡើង៕ ដោយ៖ ធីរីណា

រូបថត៖ TTXVN
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច