ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីអាល់អាសាដ ចោទប្រកាន់អាមេរិកមានចេតនាវាយប្រហារទៅលើទាហានរបស់លោក

ចែករំលែក៖

ប្រធានាធិបតីស៊ីរីលោកបាសាអាល់ អាសាដបានបញ្ជាក់ថា អាមេរិកវាយប្រហារតាមដែនអាកាសសរយៈពេលជាង១ម៉ោង ទៅលើកម្លាំងទាហានរដ្ឋាភិបាលស៊ីរីសម្លាប់ទាហាន៦២នាក់។

សារព័ត៌មាន AP បានដកស្រង់សម្តីលោកអាល់អាសាដប្រកាសថា នេះមិន
មែនជារឿងច្រឡំនោះឡើយគឺជាចេតនាក្នុងការវាយប្រហារដោយយន្តហោះអាមេរិក៤គ្រឿងទៅលើទីតាំងរបស់ទាហានស៊ីរីរយៈពេលជាងមួយម៉ោង។ លោកអាសា ដបន្តទៀតថា យន្តហោះអាមេរិកវាយប្រហារទៅលើទីតាំងជាច្រើន ក្នុងនោះមានទាំងជំរំយោរដ្ឋាភិបាលស៊ីរីផងដែរ ។

ទាហានអាមេរិកបានវាយប្រហារជិត តំបន់ Ezzor សម្លាប់ទាហានស៊ីរី២២នាក់និងជាង១០០នាក់រងរបួស ។ មន្ទីរបញ្ចកោណអាមេរិកបានបញ្ជាក់ថា ការវាយ
ប្រហារខាងលើគឺជាការយល់ច្រឡំដោយអាមេរិកវាយប្រហារទៅលើក្រុមភេរវកម្មIS តែប៉ុណ្ណោះ។

លើសពីនេះទៅទៀតលោក អាល់ អាសាដបានដាក់សំណួរសួរថា ហេតុអ្វីបានជាក្រុម IS បើកការវាយប្រហារទៅលើ ទាហានស៊ីរី ក្រោយការវាយប្រហារច្រឡំ
របស់អាមេរិក? សកម្មភាពទាំងនោះគឺជាចេតនាយ៉ាងពិតប្រាកដមិនមែនអចេតនានោះឡើយ។

សង្គ្រាមវាយប្រហារគ្នានៅលើសមរភូមិបានចាប់ផ្តើមជាថ្មីនាយប់ថ្ងៃចន្ទ ទី១៩ ខែកញ្ញា គឺប៉ុន្មានម៉ោងក្រោយពីកងទ័ពស៊ីរីបានប្រកាសបិទបញ្ចប់កិច្ចព្រមព្រៀងឈប់បាញ់ភ្លាម ប្រតិបត្តិការទម្លាក់គ្រាប់បែកក៏បានចាប់ផ្តើមយ៉ាងគំហុកបណ្តាលឲ្យស្លាប់ជនស៊ីវិលចំនួន៣៦នាក់ ក្នុងនោះមានបុគ្គលិកមនុស្សធម៌ចំនួន១២នាក់ និងអ្នកបើកបររថយន្តកាមីញ៉ុងម្នាក់។ ប្រតិបត្តិការសឹកនេះបានកើតមានឡើងចំពេលដែលសហគមន៍អន្តរជាតិកំពុងព្យាយាមស្រោចស្រង់កិច្ចព្រមព្រៀងនាឱកាសបើកមហាសន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉កនៅថ្ងៃអង្គារ ទី២០ ខែកញ្ញា។

ក្រៅពីមានមនុស្សស្លាប់ និងរបួសការវាយប្រហារតាមផ្លូវអាកាសក៏បានកម្ទេច
និងធ្វើឲ្យខូចខាតរថយន្តកាមីញ៉ុងដឹកជំនួយមនុស្សធម៌ប្រមាណជា១៨គ្រឿង ព្រមទាំងអីវ៉ាន់ដែលមាននៅក្នុងរថយន្តកាមីញ៉ុងទាំងនោះ។ អង្គការសង្កេតការណ៍សិទ្ធិមនុស្សស៊ីរីបានបញ្ជាក់ពីដំណឹងវាយប្រហារនេះ តែមិនទាន់ហ៊ានថា តើយន្តហោះដែលបានទម្លាក់គ្រាប់បែកនោះជាយន្តហោះរបស់ទ័ពអាកាសរុស្ស៊ីឬមួយជាយន្តហោះរបស់ទ័ពអាកាសស៊ីរី។ ទន្ទឹមគ្នានឹងប្រតិបត្តិការផ្លូវអាកាសក៏មានការបាញ់ផ្លោងគ្រាប់កំាភ្លើងត្បាល់ដាក់គ្នារវាងទ័ពរដ្ឋាភិបាលស៊ីរីដែលគ្រប់គ្រងតំបន់ប៉ែកខាងលិចនិងកម្លាំងបះបោរដែលគ្រប់គ្រងតំបន់ប៉ែកខាងកើតទីក្រុងអាឡិប។

នៅក្នុងទីក្រុងញូវយ៉កដែលអង្គការសហប្រជាជាតិកំពុងបើកមហាសន្និបាតប្រចាំឆ្នាំវិបត្តិស៊ីរីក៏បានក្លាយជាប្រធានបទមួយយ៉ាងសំខាន់ដែរ។ តែនៅចំពោះព្រឹត្តិការណ៍ដែលកំពុងមានលើសមរភូមិស៊ីរីពេលនេះអាមេរិក និងរុស្ស៊ីដែលជាតួអង្គនៃកិច្ចព្រមព្រៀងឈប់បាញ់បានឆ្លៀតទម្លាក់ កំហុសដាក់គ្នាទៅវិញទៅមក។ ដោយមិន ចង្អុលចំមុខរុស្ស៊ីអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក John Kirby បានថ្លែងថា អាមេរិកទើសទាល់ចិត្តខ្លាំងណាស់ចំពោះឥរិយាបថរបស់រុស្ស៊ី និងថាអ្វីដែលកំពុងកើតមាននៅស៊ីរីពេលនេះបានធ្វើឲ្យប៉ះពាល់ខ្លាំងណាស់លើការខិតខំប្រឹងប្រែងរបស់យើងក្នុងការនាំសន្តិភាពឲ្យស៊ីរី៕  ម៉ែវ សាធី

លោកអាល់អាសាដ ខណៈជួបជាមួយលោក ពូទីន នាពេលកន្លងមក

 


ចែករំលែក៖