ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនជនសង្ស័យ ៦នាក់នៅ ស្រុកចន្ទ្រា ពាក់ព័ន្ធករណីចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodrug

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ច នគរបាលខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យ ៦នាក់នៅ ស្រុកចន្ទ្រា  ពាក់ព័ន្ធករណីចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodrug។

សមត្ថកិច្ច នគរបាលខេត្តស្វាយរៀងបានអោយដឹងថា លោក ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ បានបញ្ជាកម្លាំងអនុគណៈកម្មការសហការ និងផ្តល់ព័ត៌មានដល់កម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះទៅនៅចំណុចខាងកើតឆៀងខាងត្បូងតូបលក់ចាបហួយស្ថិតក្នងភូមិបុស្ស ឃុំមេសថ្ងក ស្រុកចន្ទ្រា បានឃាត់មុខសញ្ញាពាក់ព័ន្ធគ្រឿងញៀនចំនួន៦នាក់ ។

សមត្ថកិច្ចនគរបាលបានដកហូតវត្ថុតាងមួយចំនួនដូចជា៖ ទូរស័ព្ទដៃចំនួន ៥គ្រឿង ,ម៉ូតូចំនួន ១គ្រឿង, សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ន កម្លាំងនគរបាលជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង៦នាក់ដើម្បីចាត់ការបន្តតាមច្បាប់៕

ដោយ៖ សុថាន


ចែករំលែក៖