ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់ត្រូវបានម្តាយបង្កើតដាច់ចិត្តប្តឹងឱ្យនគរបាលឃាត់ខ្លួន សង្ស័យប្រើគ្រឿងញៀនលើសកំរិតហើយស្រែកឡូឡា បង្កការអុកឡុកនិងស្ទុះទៅទាញកាំបិតប៉័ងតោ និងអង្រែបុកគ្រឿងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ពេលម្តាយទៅឃាត់ថែមទាំងគំរាមវាយម្តាយទៀត ហើយដោយទ្រាំមិនបានក៏ដាច់ចិត្តប្តឹងឱ្យនគរបាលឃាត់តែម្តង។
ករណីការឃាត់ខ្លួនកូនប្រុសសង្ស័យប្រើគ្រឿងញៀនលើសកំរិតបំផ្លាញទ្រព្យសម្បត្តិ ធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងភូមិព្រៃកន្ទោច ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
មន្ត្រីនគរបាលស្រុកគងពិសីបានឱ្យដឹងថា យុវជនដែលម្តាយប្តឹងឱ្យឃាត់ខ្លួន ឈ្មោះ ឡៃ ថុនា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅជាមួយម្តាយក្នុងភូមិព្រៃកន្ទោច ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
មុនពេលកើតហេតុយុវជនខាងលើនេះបានធ្វើសកម្ម ភាពស្រែកឡូឡា និងបង្កការអុកឡុកក្នុងផ្ទះ ដោយនៅក្នុងដៃមានកាន់កាំបិតប៉័ងតោដងឈើ និងអង្រែបុកគ្រឿងខ្លី១ដើមបានគំរាមវាយទៅលើម្តាយដែលមាន ឈ្មោះ ឃួន ណាន អាយុ៤៨ឆ្នាំ រស់នៅភូមិឃុំខាងលើ ពេលនោះ។ ស្ត្រីជាម្តាយបានទៅហាមឃាត់ និងស្តីបន្ទោសឱ្យយុវជនជាកូន ស្រាប់តែជនសង្ស័យខឹងសម្បារ ហើយក៏ស្ទុះទៅវាយបំភ្លិចបំផ្លាញទ្រព្យ សម្បត្តិក្នុងផ្ទះ បោកចាន ឆ្នាំងដាំបាយ កង្ហារពីរព្យួរជញ្ជាំង ធាក់ទ្វារផ្ទះបាយ ទ្វារបន្ទប់ទឹកបណ្តាលឲ្យរងការខូចខាត ។
ដោយទ្រាំនូវទង្វើររបស់កូនប្រុសលែងបាន ទើបម្តាយបាន តេទូរស័ព្ទហៅសមត្ថកិច្ច ដើម្បីធ្វើការនាំខ្លួនឈ្មោះ ឡៃ ថុនា ខាងលើយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿងបន្ត ។
បើតាមការបញ្ជាក់ពីម្តាយយុវជនដៃដល់ខាងលើ ឈ្មោះ ឃួន ណាន ថា កន្លងទៅកូនប្រុសរបស់គាត់ (យុវជនសង្ស័យ)ខាងលើ ធ្លាប់ប្រើប្រាស់គ្រឿងញៀនហើយគាត់ ធ្លាប់បានយកដាក់នៅមណ្ឌលអប់រំកែប្រែ២ដងរួចមកហើយ ប៉ុន្តែកូនប្រុសនៅតែមិនចេះកែខ្លួន ទើបគាត់ដាច់ចិត្តប្តឹងឱ្យនគរបាលឃាត់ខ្លួនអនុវត្តន៍តាមផ្លូវច្បាប់ចុះ។
បច្ចុប្បន្ន យុវជនសង្ស័យខាងលើ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកគងពិសី និងកសាងសំណុំ រឿងបញ្ជូនបន្តទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

ដោយ៖ សូរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច