ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាប និងឃាត់ខ្លួនក្រុមជួញដូរ០៤នាក់ ដកហូតវត្ថុតាងគ្រឿងញៀន ២១កញ្ចប់ ទម្ងន់ ០៦,០៨ក្រាម 

ចែករំលែក៖

ខេត្តកណ្តាល÷សមត្ថកិច្ចក្រុងតាខ្មៅបានធ្វើការបង្ល្រាប និងឃាត់ខ្លួនក្រុម ជួញដូរចំនួន០៤នាក់ ដោយដកហូតនូវវត្ថុតាងគ្រឿងញៀន ចំនួន២១កញ្ចប់ ទម្ងន់សរុប ០៦,៨០ក្រាម។ ប្រតិបត្តិការធ្វើឡើងកាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃទី១៩ខែតុលាឆ្នាំ២០២៥ នៅចំណុចភូមិព្រែកតាពៅ(១) សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកវរសេនីយ៏ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា ក្រុមជនសង្ស័យទាំង០៤នាក់សុទ្ធ តែជាបុរសដែលមានឈ្មោះ១-ឈ្មោះសាន់ លី អាយុ ៥០ ឆ្នាំ មានប្រវត្តិធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលចំនួន ០១លើករយៈពេល០៤ឆ្នាំ ពីបទ ទទួលផលចោរកម្ម ,២- ឈ្មោះ សាន់ អ៊ី អាយុ៤១ឆ្នាំ ,៣-ឈ្មោះ សាន់ ស្លៃម៉ាន អាយុ៤៣ឆ្នាំនិង៤-ឈ្មោះ ម៉ាត់ សាលី អាយុ២៤ឆ្នាំ ដោយជនសង្ស័យទាំង០៤នាក់ គ្មានមុខរបរពិតប្រាកដ ជាខ្មែរឥស្លាម វិជ្ជមានសារធាតុញៀន និងមានទីលំនៅជាមួយគ្នាក្នុងភូមិសង្កាត់កើតហេតុ ។

វត្ថុតាងចាប់យក : ថ្ថ្នាំញៀនចំនួន២១កញ្ចប់ សរុបទម្ងន់ ០៦,០៨ក្រាម , ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០២ , ទូរសព្ទដៃម៉ាក NOKIA Nចុចពិលចំនួន០២គ្រឿង, ចិញ្ជៀនធ្វើពីលោហៈធាតុចំនួន០១ , ឧបករណ៌សម្រាប់ជក់ថ្នាំចំនួន០១, ទុយោកែវចំនួន០១បាច់ និងបំពង់កែវ

ចំនួន០៤ , ស្លាបព្រា សម្រាប់ចូកថ្នាំចំនួន០១ រួមនិងសម្ភារៈសម្រាប់វេចខ្ចប់មួយចំនួន។

លោកអធិការបញ្ជាក់ថា ក្រោយទទួលសេចក្តីរាយ ការណ៍ពីប្រជាពលរដ្ឋថា នៅចំណុចផ្ទះបាក់បែកមួយកន្លែងស្ថិតក្នុងភូមិសង្កាត់ខាងលើ មានករណីជួញដូរគ្រឿង ញៀនភ្លាមនោះលោកអធិការ បានបញ្ជាកម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀន បានចុះទៅដល់ទីតាំងកើតហេតុ ក៏ប្រទះឃើញជនសង្ស័យចំនួន០៤នាក់ កំពុងអង្គុយនៅក្នុងផ្ទះ។ ដោយមានការសង្ស័យកម្លាំងក៏ឃាត់សួរនាំ និងធ្វើការឆែកឆេរ រកឃើញថ្នាំញៀនចំនួន ២១កញ្ចប់។

ជនសង្ស័យឈ្មោះ សាន់ អ៉ី និងឈ្មោះ សាន់ លី បានឆ្លើយសារភាពថា ថ្នាំញៀនចំនួន២១កញ្ចប់នោះ គឺជារបស់ឈ្មោះ សាន់ អ៉ីសាត្រូវជាប្អូនប្រុសរបស់ពួកខ្លួន បានយកមកផ្ញើរទុកអោយឈ្មោះ សាន់ លី យកទៅលក់បន្តក្នុង០១កញ្ចប់តូចតម្លៃ១០.០០០រៀល (មួយម៉ឺនរៀល)ពិតប្រាកដមែន ។

ជនសង្ស័យរួមនិងវត្ថុតាងបានបញ្ជូនមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់កាតាមនីតិវិធីនៃច្បាប់ ៕


ចែករំលែក៖