ខេត្តស្វាយរៀង៖ លោក ទីវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀង និងក្រុមគ្រួសារ ព្រមទាំងមន្ត្រីរាជការ សាខាសមាគមអាចារ្យខ្មែរខេត្តស្វាយរៀង និងសាខាសមាគមសិស្ស និស្សិតបញ្ញវន្តក្មេងវត្តខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥នេះ
បានអញ្ជើញចូលរួមដង្ហែអង្គកឋិនសាមគ្គី ដើម្បីវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តព្រៃគគីរដួច ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
លោក ទីវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀង បានមានប្រសាសន៍ថា
កឋិនទាន ជាបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដែលមានសម្តែងទុកក្នុង ព្រះវិន័យបិដក មហាវគ្គ កឋិនក្ខន្ធកៈ ដែលទាយក ទាយិកាមានសទ្ធាជ្រះថ្លា នាំយកចីវរទៅវេរប្រគេនព្រះភិក្ខុសង្ឃ ដែលបានគង់ចាំវស្សាអស់ត្រីមាសក្នុងអាវាសវត្តណាមួយនិងជាទានវិសេស មានលក្ខណៈប្លែកជាងទានដទៃ៥យ៉ាង ភិក្ខុសង្ឃបានក្រាលគ្រងកឋិនទទួលបានសង្ឃលាភ និងអានិសង្ស ៥ ហើយអ្នកប្រគេនកឋិនចីវរ ក៏ទទួលបានអានិស្ស៥ផងដែរ។
លក្ខណៈប្លែក៥យ៉ាងនៃកឋិនទាន៖
១៖ ប្លែកដោយកាល៖ តាមពុទ្ធានុញ្ញាត កឋិនកាលមានតែ២៩ថ្ងៃគឺពីថ្ងៃ ១រោច ខែអស្សុជ ដល់ ១៥កើត ខែកត្តិក។ ក្នុងអំឡុងពេលនេះទាយក ទាយិកា អាចនាំយកចីវរទៅវេរប្រគេនភិក្ខុសង្ឃនៅថ្ងៃណាក៏បានហើយវត្តនីមួយៗទទួលកឋិនទានបានតែម្ដងប៉ុណ្ណោះក្នុងមួយឆ្នាំ។
២៖ ប្លែកដោយវត្ថុ កឋិនចីវរមាន៖ ស្បង់ ចីពរ និងសង្ឃាដី ក្រៅពីនេះ ពុំអាចចាត់ជាកឋិនចីវរបានឡើយ។ កឋិនចីវរនេះសោត ភិក្ខុសង្ឃក្រាលគ្រងកឋិន អាចជ្រើសយកវត្ថុណាមួយក្នុងចំណោម ចីពរ ស្បង់ ឬសង្ឃាដី ដើម្បីក្រាលគ្រងតាមព្រះទ័យរបស់លោក ។
៣៖ ប្លែកដោយអំពើ បុគ្គលអ្នកធ្វើអង្គកឋិនទានគប្បីធ្វើឱ្យបានត្រឹមត្រូវរបៀបតាមព្រះវិន័យ។
៤៖ ប្លែកដោយបដិគ្គាហកៈ មានតែភិក្ខុសង្ឃ ដែលបានគង់ចាំព្រះវស្សាអស់ត្រីមាសប៉ុណ្ណោះ ទើបអាចទទួលក្រាលគ្រង និងអនុមោទនាកឋិនបាន។ ភិក្ខុមិនបានចាំវស្សា ឬបាននៅចាំវស្សាដែរតែដាច់វស្សា ឬសាមណេរ ពុំអាចទទួលក្រាលគ្រងកឋិនបានឡើយ។
៥៖ ប្លែកដោយអានិសង្ស ព្រះភិក្ខុសង្ឃដែលបានក្រាលគ្រង និងអនុមោទានកឋិន ទទួលបានអានិសង្ស ៥យ៉ាងដូចខាងលើ ក្នុងរវាង៥ខែ ដូចមានក្នុងវិន័យបិដកភាគ៨ត្រង់កឋិនក្ខន្ធកៈ។
ចំណែកកឋិនទាយក ដែលបានថ្វាយកឋិនចីវរ ត្រូវទទួលបានអានិសង្សច្រើនជាអនេក ព្រោះជាចីវរទានពិសេសប្លែក ព្រះភិក្ខុសង្ឃដែលបានក្រាលគ្រងនិងអនុមោទនាកឋិន ទទួលបានទាំងសង្ឃលាភនិង អានិសង្ស៥យ៉ាង សមដូចព្រះពុទ្ធដីការថា សុខស្ស ទាតា មេធាវី សុខំ សោ អធិគច្ឆតិ ជនអ្នកមានប្រាជ្ញាតែងឱ្យនូវសេចក្ដីសុខដល់អ្នកដទៃ និងរមែងបាននូវសេចក្ដីសុខនោះមកខ្លួនវិញ។

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច