ខេត្តកោះកុង÷ លោកវរសេនីយ៍ទោ ស្រ៊ីន សុខលីន អធិការនគរបាលស្រុកកោះកុង បានឱ្យដឹងនៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ថា គិតមកទល់ម៉ោងនេះ ម្ចាស់សត្វឆ្កែចំនួន៥ក្បាលដែលព្រួតខាំកុមារីឈ្មោះ ឌី ដានីន អាយុ៧ឆ្នាំ កំពុងបានចូលខ្លួនទៅដោះស្រាយទូទាត់ថ្លៃសេវាព្យាបាលទាំងស្រុងនៅមន្ទីរពេទ្យបង្អែកខេត្តរួចរាល់ហើយ។
លោកអធិការនគរបាលស្រុកកោះកុង បន្ថែមទៀតថា ក្រៅពីឱ្យម្ចាស់សត្វឆ្កែចេញមុខទទួលខុសត្រូវដោះ ស្រាយចំពោះកុមារីរងគ្រោះ សមត្ថកិច្ចរបស់លោកក៏ណែនាំឱ្យបង្ខាំងសត្វឆ្កែទាំងនោះទុក ដោយមិនត្រូវលែងពាសវាលពាសកាលទៀតឡើយ ហើយធ្វើកិច្ចសន្យាមិនឱ្យកើតមានករណីឆ្កែខាំមនុស្សណាម្នាក់ជាលើកទី២នោះទេ។ បច្ចុប្បន្នកុមារីរងគ្រោះកំពុងត្រូវបានយកចិត្តទុកដាក់ពិនិត្យនិងព្យាបាលយ៉ាងខ្លាំងពីក្រុមគ្រូពេទ្យនិងអាជ្ញាធរសមត្ថកិច្ចស្រុក-ខេត្ត។
កុមារីរងគ្រោះដែលត្រូវសត្វឆ្កែ៥ក្បាលព្រួតខាំ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១០ព្រឹកបណ្តាលឲ្យរងរបួសធ្ងន់គ្រាកំពុងដើរត្រលប់មកពីសាលារៀន នៅចំណុចក្នុងដីចម្ការលោក លិ អ៊ូលៀង ភេទប្រុស (ត្រូវជាម្ចាស់សត្វឆ្កែ)។ ឪពុកកុមារីរងគ្រោះឈ្មោះ ជួង ឌីណា ភេទប្រុស អាយុ ៣៥ឆ្នាំ និងម្តាយឈ្មោះ ឃាង សុខលាប អាយុ ៣៤ឆ្នាំ អ្នកទាំង២ មានមុខរបរកម្មករចៀរជ័រកៅស៊ូ ស្នាក់នៅក្នុងដីចម្ការលោក លិ អ៊ូលៀង (ត្រូវជាម្ចាស់ឆ្កែ)៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច