ព័ត៌មានទាន់ហេតុការណ៍៖

រន្ធត់ណាស់! ស្លាប់ជនជាតិបរទេសម្នាក់រងរបួសធ្ងន់ស្រាល៣នាក់នៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់មួយបណ្ដាលអោយបុរសជនជាតិបរទេសម្នាក់ស្លាប់ រងរបួសធ្ងន់ស្រាល៣នាក់ រវាងរថយន្តម៉ាក FUSO ពណ៌បៃតងប្រើប្រាស់ល្បឿនលឿនក្នុងទិសដៅស្របគ្នាហើយបុករថយន្ដម៉ាកព្រុសពីក្រោយយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះ ផ្អើលអ្នកភូមិទាំងវេលាទៀបភ្លឺនៅក្រុងស្វាយរៀង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣និង១៥នាទី ឈានចូលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ លើផ្លូវជាតិលេខ០១ ចន្លោះគ.ម.១២៩-១៣០ ស្ថិតនៅក្នុងភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបានអោយដឹងថា មុនកើតហេតុមានរថយន្តម៉ាក FUSO ពណ៌បៃតង ពាក់ស្លាកលេខ ស្វាយរៀង ៣A-៧៥៧៤ សុឺមីរុឺម៉កពាក់ស្លាកលេខកណ្ដាល ៤A-០៣២៩ បើកបរដោយឈ្មោះ ថន សុផាត់យុត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅភូមិ កំពង់ត្រាច ឃុំកំពង់ត្រាច ស្រុក រមាសហែក ខេត្តស្វាយរៀង ដោយធ្វើដំណើរពីកើតទៅលិចក្នុងល្បឿនលឿនក៏បានជ្រុលទៅបុករថយន្ដព្រុស ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ២BQ- ៩៦៤៤ ពីក្រោយយ៉ាងពេញទំហឹង។ អ្នករួមដំណើរសរុប០៤នាក់ មានទី១-ឈ្មោះ OLIULLAH MD ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរអនឡាញ( ស្លាប់នៅកន្លែងកើតហេតុ )។

២-ឈ្មោះ BILLAL MD ភេទប្រុស  អាយុ១៦ឆ្នាំ មុខរបរអនឡាញ ( រងរបួសធ្ងន់ )។

៣-ឈ្មោះ UDDIN RIYAJ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរអនឡាញ ( រងរបួសស្រាល )

និង៤-ឈ្មោះ MIA MD BABU ភេទ ប្រុស អាយុ១៩ឆ្នាំ មុខរបរអនឡាញ ( គ្មានរបួស )។ អ្នកទាំង០៤នាក់ ស្នាក់នៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

ក្រោយមក អ្នករបួសត្រូវបានដកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ។

ចំពោះមធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមច្បាប់។

ចំណែកសព សមត្ថកិច្ចបានដឹកយកមករក្សាទុកនៅមន្ទីរពេទ្យខេត្តស្វាយរៀង ដើម្បីរង់ចាំបងប្អូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

រីឯអ្នកបើករថយន្តបង្កហេតុនិងអ្នកបើករថយន្តរងគ្រោះជាជនជាតិខ្មែរ បានរត់គេចខ្លួនចេញពីកន្លែងខាងលើផងដែរ៕

ដោយ៖សុថាន


ចែករំលែក៖