BROOKLYN BECKHAM កូនប្រុសច្បងរបស់អតីតតារាបាល់ទាត់អង់គ្លេស David Beckham បានអះអាងថា ឪពុកម្តាយដែលជាសេដ្ឋីរបស់គាត់ បាន “គ្រប់គ្រងគាត់” ស្ទើរតែពេញមួយជីវិត ខណៈដែលគាត់និយាយជាសាធារណៈជាលើកដំបូង អំពីជម្លោះគ្រួសារដ៏ល្បីនេះ។
មានការអះអាងថា ភាពតានតឹងរវាង Brooklyn Beckham អាយុ 26 ឆ្នាំ និងសមាជិកគ្រួសារ រួមមាន David, Victoria, Cruz និង Romeo Beckham ចាប់តាំងពីការរៀបការរបស់គាត់ជាមួយភរិយា Nicola Peltz អាយុ 31 ឆ្នាំ ក្នុងឆ្នាំ 2022។
ក្នុងសេចក្តីថ្លែងការណ៍មួយលើ Instagram នៅល្ងាចថ្ងៃនេះ Brooklyn បាននិយាយថា គាត់មិនចង់សម្របសម្រួលជាមួយគ្រួសាររបស់គាត់ឡើយ។
Brooklynបានថ្លែងថា «ខ្ញុំបានស្ងៀមស្ងាត់អស់រយៈពេលជាច្រើនឆ្នាំ ហើយបានខិតខំប្រឹងប្រែងគ្រប់វិធី ដើម្បីរក្សាបញ្ហាទាំងនេះជារឿងឯកជន។ ជាអកុសល ឪពុកម្តាយរបស់ខ្ញុំ និងក្រុមការងាររបស់ពួកគេ បានបន្តនាំរឿងទៅឲ្យសារព័ត៌មាន ដោយធ្វើឲ្យខ្ញុំគ្មានជម្រើសផ្សេងទៀត ក្រៅពីនិយាយដោយខ្លួនឯង និងប្រាប់ការពិតអំពីការកុហកមួយចំនួន ដែលត្រូវបានបោះពុម្ពផ្សាយ»។ គាត់ក៏បានបន្តថា ម្តាយរបស់គាត់ ដែលជាអតីតតារាចម្រៀងប៉ុប និងឪពុកដែលជាអតីតកីឡាករបាល់ទាត់ បានព្យាយាម “បំផ្លាញទំនាក់ទំនង” របស់គាត់ ចាប់តាំងពីមុនពេលអាពាហ៍ពិពាហ៍។Brooklynបានរៀបរាប់បន្ថែមថា
«ការនិយាយថា ប្រពន្ធរបស់ខ្ញុំជាអ្នកគ្រប់គ្រងខ្ញុំ គឺផ្ទុយពីការពិតទាំងស្រុង។ខ្ញុំ និងប្រពន្ធរបស់ខ្ញុំ មិនចង់មានជីវិតដែលត្រូវបានបង្កើតឡើងដោយរូបភាព ឬសារព័ត៌មានទេ។ អ្វីដែលយើងចង់បានគ្រាន់តែសន្តិភាព ភាពឯកជន និងសុភមង្គល សម្រាប់ពួកយើង និងគ្រួសារនាពេលអនាគត។អស់មួយជីវិតរបស់គាត់ ឪពុកម្តាយខ្ញុំបាន គ្រប់គ្រងការរៀបរាប់រឿងរ៉ាវនៅក្នុងសារព័ត៌មាន អំពីគ្រួសារ។ចាប់តាំងពីពេលដែលខ្ញុំចាប់ផ្តើមឈរជើងការពារខ្លួនឯងជាមួយគ្រួសាររបស់ខ្ញុំ ខ្ញុំបានទទួលការវាយប្រហារមិនចេះចប់ ពីឪពុកម្តាយរបស់ខ្ញុំ ទាំងផ្លូវឯកជន និងសាធារណៈ ដែលត្រូវបានបញ្ជូនទៅសារព័ត៌មានតាមការបញ្ជារបស់ពួកគេ។ សូម្បីតែបងប្អូនប្រុសរបស់ខ្ញុំ ក៏ត្រូវបានផ្ញើឲ្យវាយប្រហារខ្ញុំនៅលើបណ្តាញសង្គម ដោយបន្ទាប់មកពួកគេបានបិទទំនាក់ទំនងជាមួយខ្ញុំ ដោយគ្មានហេតុផល នៅរដូវក្តៅមុននេះ»។
គាត់បាននិយាយថា គាត់ និងភរិយា បានធ្វើដំណើរទៅឡុងដ៍ សម្រាប់ថ្ងៃខួបកំណើតឪពុករបស់គាត់ ប៉ុន្តែ ត្រូវបានបដិសេធអស់មួយសប្តាហ៍។
Brooklynអះអាងថា«គាត់បានបដិសេធរាល់ការព្យាយាមរបស់យើង លុះត្រាតែជួបនៅក្នុងពិធីខួបកំណើតដ៏ធំរបស់គាត់ ដែលមានភ្ញៀវរាប់រយនាក់ និងកាមេរ៉ានៅគ្រប់ជ្រុង។នៅពេលដែលគាត់យល់ព្រមជួបខ្ញុំចុងក្រោយ វាស្ថិតក្រោមលក្ខខណ្ឌថា Nicola មិនត្រូវបានអញ្ជើញ។ វាជាការឈឺចាប់យ៉ាងខ្លាំង។ បន្ទាប់មក នៅពេលគ្រួសាររបស់ខ្ញុំធ្វើដំណើរទៅ Los Angeles ពួកគេបានបដិសេធមិនជួបខ្ញុំទាំងស្រុង»។
រហូតមកដល់ពេលនេះ គ្រួសារ Beckham មិនទាន់បានឆ្លើយតបចំពោះការចោទប្រកាន់ទាំងនេះនៅឡើយទេ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច