ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន៖ មន្ត្រីត្រូវចេះចែករំលែកចំណេះដឹង និងរៀនសូត្រពីគ្នាទៅវិញទៅមក

ចែករំលែក៖

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងបែបនេះនៅក្នុងពិធីចែករំលែកបទពិសោធន៍ចំណេះដឹងដែលមន្រ្តីទទួលបានពីប្រទេសឥណ្ឌាស្ដីពីការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងថាចំណេះដឹងនិងការចង់ដឹងចង់ចេះ គឺមិនមានដែនកំណត់ទេសំខាន់នៅត្រង់ថាមន្ត្រីទាំងអស់ត្រូវចេះចែករំលែកចំណេះដឹងក៏ដូចជារៀនសូត្រពីគ្នាទៅវិញទៅមកនូវរាល់បទពិសោធន៍ ចំណេះដឹង ការងារដែលខ្លួនបានស្រាវជ្រាវ ឬបានចុះប្រឡូកការងារមុន ពោលគឺមន្ត្រីត្រូវចេះចែករំលែកចំណេះដឹងនិងរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីអាចអភិវឌ្ឍន៍ខ្លួនបានកាន់តែខ្លាំង។

ថ្លែងក្នុងនាម លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត បានសរសើរ និងលើកទឹកចិត្តឲ្យមន្ត្រីទាំងអស់បន្តខិតខំអភិវឌ្ឍន៍ខ្លួនដោយឈរលើកត្តាសាមគ្គីភាព ឯកភាព ដើម្បីវឌ្ឍនភាពការងារទាំងអស់គ្នា។

លោក ស្រឿង ប៊ុនហេង បានចែករំលែកនូវបទពិសោធន៍ ចំណេះដឹងពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ការរស់នៅ ហូបចុក និងការរៀបចំវគ្គបណ្ដុះបណ្ដាលពីប្រទេសឥណ្ឌាដែលខ្លួនបានចូលរួមកាលពីថ្ងៃ១៨ ដល់ថ្ងៃ២៩ ខែសីហា ឆ្នាំ២០២៥ កន្លងមក មានជាអាទិ៍: ការប្រៀបធៀបលិខិតបទដ្ឋានគតិយុត្តិនៃប្រទេសនិមួយៗ ប្រព័ន្ធច្បាប់និងទំនាក់ទំនងអន្តជាតិ ការធ្វើកោសល្យវិច័យ ការសុីបអង្កេតជំនួញខុសច្បាប់ និងការរឹបអូសទ្រព្យសម្បត្តិ ផ្លូវចរាចរគ្រឿងញៀន-សារធាតុគីមីផ្សំ ជំនួញគ្រឿងញៀនលើអនឡាញ ជំនួយផ្នែកច្បាប់-បត្យាប័នលើបទល្មើសគ្រឿងញៀន ការវិវត្តន៍រីកចម្រើននៃបច្ចេកវិទ្យាក្នុងការជួញដូរគ្រឿងញៀន ។ល៕


ចែករំលែក៖