ខេត្តព្រះវិហារ៖ ស្របតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ស្តីពីការតវ៉ាប្រឆាំងចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃក្នុងតំបន់ដែលបានកាន់កាប់ ក្រសួងធម្មការនិងសាសនា សូមតវ៉ាប្រឆាំងយ៉ាងដាច់ខាតចំពោះសកម្មភាពរំលោភបំពានរបស់យោធាថៃ ដែលបាន កសាងព្រះពុទ្ធប្បដិមា នៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ក្រសួងធម្មការនិងសាសនា សូមជម្រាបជូនថា ការតម្កល់រូបសំណាកព្រះពុទ្ធប្បដិមានៅលើទីតាំងរូបសំណាក បដិមាព្រះវិស្ណុ ដែលត្រូវបានបំផ្លាញដោយយោធាថៃ នៅតំបន់អានសេះ ខេត្តព្រះវិហារ គឺជាការរំលោភបំពានមកលើ ដែនអធិបតេយ្យភាពកម្ពុជា ផ្ទុយទៅនឹងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ដែលហាមឃាត់ការកាន់កាប់ យកទឹកដីដោយប្រើប្រាស់កម្លាំង និងផ្ទុយស្រឡះទៅនឹងការប្តេជ្ញាចិត្តរបស់ថៃ ក្នុងការដោះស្រាយវិវាទដោយសន្តិវិធី ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មាធិការ ព្រំដែនទូទៅ នាពេលកន្លងមក សេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពនិងដំណោះស្រាយវិវាទដោយសន្តិវិធី ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបញ្ជាក់ជារួមអំពីកាតព្វកិច្ចរបស់ភាគីទាំងពីរ ក្នុងការមិនអនុវត្តវិធានការជាឯកតោភាគី និងសូមឱ្យ យោធាថៃចូលរួមគោរពដោយស្មោះត្រង់ចំពោះលក្ខខណ្ឌនិងស្មារតីនៃកិច្ចព្រមព្រៀង គោរពច្បាប់អន្តរជាតិ និងកាតព្វកិច្ចរបស់ខ្លួនក្រោមសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច