ព័ត៌មានទាន់ហេតុការណ៍៖

តារាល្បីកូរ៉េខាងត្បូង Lee Seung-gi និងភរិយា Lee Da-in ត្រៀមខ្លួនទទួលសមាជិកថ្មីទីពីរ

ចែករំលែក៖

តារាល្បីកូរ៉េខាងត្បូង Lee Seung-gi និងភរិយា Lee Da-in កំពុងត្រៀមខ្លួនទទួលបានកូនទីពីរ បន្ទាប់ពីរៀបការនៅឆ្នាំ ២០២៣។

ការប្រកាសនេះត្រូវបានធ្វើឡើងដោយភ្នាក់ងារគ្រប់គ្រងសិល្បកររបស់ Seung-gi គឺ Big Planet Made Entertainment កាលពីថ្ងៃទី ១២ ខែកុម្ភៈ តាមសារព័ត៌មានកូរ៉េខាងត្បូង។ ភ្នាក់ងារបានបញ្ជាក់ថា Da-in កំពុងមានផ្ទៃពោះខែទីប្រាំ ហើយគូស្វាមីភរិយាកំពុងផ្តោតលើសុខភាព និងស្ថេរភាពរបស់ម្តាយមានផ្ទៃពោះ ព្រមទាំងចូលរួមកម្មវិធីរៀនត្រៀមមុនសម្រាលកូន។

Seung-gi អាយុ ៣៩ ឆ្នាំ និង Da-in អាយុ ៣៣ ឆ្នាំ បានស្វាគមន៍កូនទីមួយ ជាកូនស្រី មកកាន់គ្រួសារនៅខែកុម្ភៈ ឆ្នាំ ២០២៤ បន្ទាប់ពីទាក់ទងគ្នាជាងពីរឆ្នាំមុនពេលរៀបការ។

Seung-gi បានល្បីឈ្មោះដំបូងតាមរយៈបទចម្រៀង “Because You’re My Woman” ក្នុងអាល់ប៊ុមដំបូងឆ្នាំ ២០០៤ ហើយត្រូវបានស្គាល់ថាជាតារាសម្តែងក្នុងរឿងភាគជាច្រើន ខណៈ Da-in បានបង្ហាញខ្លួនចុងក្រោយក្នុងរឿងភាគបែបប្រវត្តិសាស្ត្រ “My Dearest” ឆ្នាំ ២០២៣។

ចាប់តាំងពីការបង្ហាញទំនាក់ទំនងសាធារណៈនៅឆ្នាំ ២០២១ គូនេះបានប្រឈមការលំបាកមួយចំនួន ពាក់ព័ន្ធនឹងសំណុំរឿងហិរញ្ញវត្ថុរបស់គ្រួសារ Da-in ដែលធ្លាប់បង្កឲ្យមានពាក្យចចាមអារ៉ាមអំពីការបែកគ្នា និងការប្រឆាំងពីអ្នកគាំទ្រមួយចំនួន។ ទោះយ៉ាងណា ពួកគេនៅតែបន្តជីវិតគ្រួសារជាមួយគ្នា ហើយបច្ចុប្បន្នកំពុងរំពឹងទទួលបានសមាជិកថ្មីបន្ថែមទៀត៕


ចែករំលែក៖