ខ្សែប្រយុទ្ធប្រេស៊ីល Neymar បាននិយាយថា គាត់កំពុងពិចារណាអំពីការចូលនិវត្តន៍នៅចុងឆ្នាំនេះ។
កីឡាករវ័យ ៣៤ ឆ្នាំ ដែលទទួលបានការផ្ទេរតម្លៃ ២០០ លានផោនពីក្លឹប Barcelona ទៅកាន់ Paris Saint-Germain នៅឆ្នាំ ២០១៧ នៅតែជាតម្លៃផ្ទេរខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ បានប្រឈមបញ្ហារបួសជាបន្តបន្ទាប់ក្នុងរដូវកាលចុងក្រោយៗនេះ។
ទោះយ៉ាងណា គាត់សង្ឃឹមថានឹងអាចចូលរួមប្រកួតពានរង្វាន់ពិភពលោកជាមួយជម្រើសជាតិប្រេស៊ីលនៅរដូវក្តៅនេះបានសហរដ្ឋអាមេរិក។
Neymar បានត្រលប់ទៅក្លឹបដើមរបស់គាត់ Santos ពីក្លឹបអារ៉ាប៊ីសាអ៊ូឌីត Al-Hilal នៅខែមករា ឆ្នាំ ២០២៥ ហើយបានបន្តកុងត្រារហូតដល់ចុងឆ្នាំ ២០២៦។
ប៉ុន្តែបន្ទាប់ពីឆ្នាំដំបូងដែលពោរពេញដោយបញ្ហារបួស គាត់បានខកខានការចាប់ផ្តើមរដូវកាលថ្មីនៅប្រេស៊ីលក្នុងខែមករា ក្រោយធ្វើវះកាត់ជង្គង់នៅចុងខែធ្នូ និងទើបតែត្រលប់មកលេងវិញកាលពីសប្ដាហ៍មុន។
គាត់បានប្រាប់ប៉ុស្តិ៍អនឡាញប្រេស៊ីល Caze ថា៖
«ខ្ញុំមិនដឹងថាពីនេះទៅមុខនឹងកើតអ្វីឡើយ ខ្ញុំមិនដឹងអំពីឆ្នាំក្រោយទេ។ អាចជាពេលខែធ្នូមកដល់ ខ្ញុំអាចនឹងចង់ចូលនិវត្តន៍។ ឥឡូវនេះ ខ្ញុំរស់នៅតាមឆ្នាំមួយៗប៉ុណ្ណោះ»។
Neymar គឺជាអ្នករកគ្រាប់បាល់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រក្រុមជម្រើសជាតិប្រេស៊ីល ដោយរកបាន ៧៩ គ្រាប់ លើសពីតារាបាល់ទាត់ល្បីល្បាញ Pele ចំនួន ២ គ្រាប់។
ទោះយ៉ាងណា គាត់មិនបានបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិតាំងពីខែតុលា ឆ្នាំ ២០២៣ ហើយគាត់សារភាពថា វាជា «បញ្ហាប្រឈមធំមួយ» ក្នុងការចូលក្នុងបញ្ជីក្រុមពានរង្វាន់ពិភពលោករបស់គ្រូបង្វឹក Carlo Ancelotti។
គាត់បានបន្ថែមថា «ឆ្នាំនេះសំខាន់ខ្លាំង មិនត្រឹមតែសម្រាប់ Santos ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ក្រុមជម្រើសជាតិប្រេស៊ីលផងដែរ ព្រោះវាជាឆ្នាំពានរង្វាន់ពិភពលោក ហើយសម្រាប់ខ្ញុំផងដែរ» ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច