អាម៉េរិក៖ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាឱ្យ លោក Hakan Fidan រដ្ឋមន្ត្រីការបរទេសតួកគីយ៉េចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។
ក្នុងឱកាសនៃជំនួប, លោករដ្ឋមន្ត្រីការបរទេសតួកគីយ៉េ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាពេលនេះ។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតួកគីយ៉េ លើវិស័យសំខាន់ៗជាច្រើន។ ឆ្លៀតក្នុងឱកាសនេះ, លោករដ្ឋមន្ត្រីសូមគោរពអញ្ជើញសម្ដេចធិបតីបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋតួកគី ក្នុងពេលវេលាសមស្រប ក្នុងគោលបំណងបន្តជំរុញនូវការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពជិតស្និទ។ ក្រៅពីទំនាក់ទំនងទ្វេភាគី, លោករដ្ឋមន្ត្រីការបរទេសតួកគីយ៉េក៏បានបង្ហាញនូវចំណាប់អារម្មណ៍ និងមានបំណងស្វែងយល់បន្ថែម ទៅលើជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសឬសគល់នៃជម្លោះនេះ។ លោកបានសម្ដែងនូវសេចក្ដីសង្ឃឹមថា កម្ពុជា-ថៃនឹងអាចសម្រេចបាននូវសន្តិភាពយូរអង្វែង នាពេលអនាគត។
ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវសេចក្ដីសោមនស្សដែលបានឃើញនូវភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តក្នុងការបន្តធ្វើការជាមួយប្រទេសតួកគីយ៉េ ដើម្បីពង្រឹង និងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរថែមទៀត។ ក្នុងឱកាសនេះ, សម្ដេចក៏បានគូសបញ្ជាក់អំពីគោលនយោបាយរបស់កម្ពុជាក្នុងការធ្វើពិពិធកម្មដៃគូនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ លើជុំវិញពិភពលោក ផងដែរ។ ជាមួយគ្នានេះ, សម្ដេចធិបតីក៏បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីការបរទេសតួកគីយ៉េ អំពីឬសគល់នៃជម្លោះព្រំដែនកម្ពុជា-ថៃ ក៏ដូចជាការវិវត្តថ្មីៗនៃស្ថានភាពលើដីជាក់ស្ដែង និងបានគូសបញ្ជាក់អំពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និងសន្ធិសញ្ញាដែលមានស្រាប់ និងច្បាប់អន្តរជាតិ។
មុននឹងបញ្ចប់, សម្ដេចធិបតី និងលោករដ្ឋមន្ត្រីការបរទេសតួកគីយ៉េ ក៏បានបន្តពិភាក្សាដើម្បីស្វែងរកកាលានុវត្តភាពថ្មីៗបន្ថែមទៀត សំដៅផ្ដល់សន្ទុះទៅដល់ការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលផ្ដោតលើវិស័យសំខាន់ៗ រួមមាន៖ វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ, វិស័យសន្តិសុខនិងការពារជាតិ ក៏ដូចជាវិស័យអប់រំជាដើម។ សម្ដេចធិបតី និងលោករដ្ឋមន្ត្រីការបរទេសតួកគីយ៉េក៏បានបន្តពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងខណ្ឌតំបន់ និងពិភពលោក ជាពិសេសនៅក្នុងក្របខណ្ឌអាស៊ាន៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច