ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ្សង់ ហ្វ្រង់ស័រតាន់៖ សម្តេចធិបតី បញ្ជាក់ឡើងវិញ នូវជំហរភូមិសាស្ត្រនយោបាយឥតងាករេរបស់កម្ពុជា…

ចែករំលែក៖

ភ្នំពេញ៖ លោក ហ្សង់ ហ្វ្រង់ស័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា៖សម្តេចធិបតី បញ្ជាក់ឡើងវិញ នូវជំហរភូមិសាស្ត្រនយោបាយឥតងាករេរបស់កម្ពុជា…!

១. វត្តមានរបស់ សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅWashington DC, ប៉ុន្មានថ្ងៃចុងក្រោយនេះ ស្តែងឱ្យឃើញនូវដំណាក់កាលចម្បងមួយនៃការទូតកម្ពុជា ។ គេអាចសំយោគ ការទូតសកម្មប្រកបដោយតុល្យភាពនិងទំនួលខុសត្រូវមួយនេះ ដោយប្រើពាក្យអង់គ្លេសបីម៉ាត់ ៖ to multilateralize, to publicize និង to bilateralize ។

២.តាមរយៈការចូលរួមក្នុងកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព(BoP), សម្តេចធិបតី បង្ហាញជាថ្មីនូវជំហរឥតងាករេរបស់កម្ពុជាដែល ជាយូរឆ្នាំកន្លងមកហើយ មានមូលដ្ឋាននៅលើ សន្តិភាព កិច្ចសន្ទនា និងពហុភាគីនិយម ។ បានន័យថា នៅគ្រប់ទីកន្លែងណាដែលមានកិច្ចសន្ទនាបែបពហុភាគី ដើម្បីលើកឡើងពី«សន្តិភាព»គឺត្រូវតែមានមុខប្រទេសកម្ពុជា ។

៣.ទន្ទឹមនេះ ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា គ្មានឱកាសណាប្រសើរជាងពេលនេះ នៅWashington DC ទេ ដើម្បីបញ្ជាក់ជាថ្មីនូវជំហរសន្តិភាពនិយមរបស់កម្ពុជា ក្នុងការដោះស្រាយ បញ្ហាព្រំដែនជាមួយថៃ ។ និយាយបែបផ្សេង កម្ពុជានៅរក្សាជម្រើសឥតងាករេដដែល នោះគឺ ដំណោះស្រាយ ដោយសន្តិវិធី និងដោយប្រើប្រាស់យន្តការបច្ចេកទេស និងសន្ធិសញ្ញាអន្តរជាតិដែលមានស្រាប់ ។ ប៉ុន្តែថៃត្រូវប្រញាប់វិលមកកាន់តុចរចា ។ ដូចគ្នា ពេលនេះក៏ជាពេលដែលកម្ពុជាត្រូវនិយាយបំភ្លឺការពិតមួយចំនួនដែរ ។ ម្ល៉ោះហើយ នៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយអាមេរិក Reuters និង Fox News Digital, សម្តេចធិបតី លាតត្រដាងយ៉ាងចំហប្រាប់ពិភពលោកថា«កងទ័ពថៃចូលកាន់កាប់ច្រើនទីតាំង យ៉ាងជ្រៅក្នុងទឹកដីកម្ពុជា។ ការកាន់កាប់នេះ គឺវាហួសឆ្ងាយពីខ្សែបន្ទាត់ព្រំដែនដែលថៃទាមទារចង់បានជាឯកតោភាគីទៅទៀត» ។

៤.ពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយអាមេរិក គឺជាគោលដៅទីបីរបស់ សម្តេចធិបតី នៅWashington DC ។ ការ ទូតនេះស្តែងឡើង តាមរយៈជំនួបជាមួយថ្នាក់ដឹកនាំអាមេរិកនៃក្រសួងពាណិជ្ជកម្ម ក្រសួងការបរទេស និងក្រសួងសង្គ្រាម ។ ធ្វើបែបនេះ, សម្តេចធិបតី បញ្ជាក់ឡើងវិញនូវជំហរឥតងាករេរបស់កម្ពុជា ៖ ក្នុងនាម ជាប្រទេសតូចដែលស្រឡាញ់សន្តិភាពនិងដែលមានតែមិត្តនៅក្នុងលោក, កម្ពុជាត្រូវការឈរនៅចំកណ្តាល លើទីតាំងដែលមានតុល្យភាពល្អ នៅចន្លោះចិននិងអាមេរិក ៕

ដោយ៖តារា


ចែករំលែក៖