ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកអង្គស្នួលចាប់អ្នកកត់ឆ្នោតយួនបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត 

ចែករំលែក៖

ខេត្តកណ្តាល៖ ស្រ្តីម្នាក់ដែលជាភ្នាក់ងារចាត់ចែងល្បែង ស៊ីសងខុសច្បាប់ (កត់ឆ្នោតវៀតណាម) ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលចុះបង្ក្រាប និងឃាត់ខ្លួនបានរួមជាមួយវត្ថុតាងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។ ប៉ុន្តែជនសង្ស័យត្រូវបានសមត្ថកិច្ចខេត្តត្រឹមតែសួរនាំ និងអប់រំរួច ក៏ដោះលែងឲ្យមានសេរីភាពឡើងវិញ ខណៈដែលករណីផ្សេងៗទៀតតែងតែត្រូវបញ្ជូនទៅតុលាការ។ ការចុះបង្ក្រាបទីតាំងកត់ឆ្នោតនេះបានធ្វើឡើងកាលពីថ្ងៃទី២០ កុម្ភៈ ២០២៦ វេលាម៉ោង ១៣ និង៣០នាទី នៅភូមិត្នោតម្ដើម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល។

លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនសង្ស័យដែលកម្លាំងជំនាញឃាត់ខ្លួនបានមានឈ្មោះ ម៉ុត នឿន (ស្រី, ៣៩ឆ្នាំ) ជាបុគ្គលិកកត់ឆ្នោត មិនមានសារធាតុញៀនក្នុងទឹកនោម និងមានទីលំនៅភូមិត្នោតម្ដើម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ លោកអធិការបានបន្តថា វត្ថុតាងដែលកម្លាំងជំនាញដកហូតបាននៅកន្លែងកើតហេតុរួមមាន សៀវភៅ ១ក្បាល ក្រដាសសម្រាប់កត់លេខឆ្នោត ២សន្លឹក ទូរស័ព្ទដៃម៉ាក Samsung ពណ៌ខៀវ ១គ្រឿង ម៉ាស៊ីនសម្រាប់ព្រីនសន្លឹកឆ្នោត ១គ្រឿង លុយរៀលចំនួន ១០ម៉ឺនរៀល និងប៊ិចពណ៌ខៀវ ១ដើម។

លោកអធិការបានបញ្ជាក់ថា មុនពេលឈានដល់ការបង្ក្រាប កម្លាំងសមត្ថកិច្ចផ្នែកនគរបាលយុត្តិធម៌ស្រុកបានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អថា នៅទីតាំងខាងលើមានការលួចលាក់បើកកត់ឆ្នោតវៀតណាមខុសច្បាប់។ ក្រោយទទួលបានព័ត៌មាន កម្លាំងផ្នែកជំនាញបានសហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលបែកចាន ចុះទៅដល់ទីតាំងកើតហេតុ ព្រមទាំងធ្វើការឃាត់ខ្លួនជនសង្ស័យ និងរឹបអូសវត្ថុតាងយកមកសួរនាំនៅអធិការដ្ឋាន។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាអ្នកស៊ីឈ្នួលកត់ឆ្នោតវៀតណាមនៅទីតាំងខាងលើប្រាកដមែន ដោយក្នុងមួយថ្ងៃកត់បានប្រាក់ពី ១០ម៉ឺនរៀល ទៅ១២ម៉ឺនរៀល។ បន្ទាប់ពីកត់បានប្រាក់រួច ខ្លួនតែងតែផ្ញើទិន្នន័យទៅឲ្យមេក្លោងឈ្មោះ ស៊ីម ភក្តី (ប្រុស, អាយុប្រហែល ៣២ឆ្នាំ) ដែលជួលផ្ទះនៅម្ដុំចោមចៅ ខណ្ឌពោធិ៍សែនជ័យ តាមរយៈតេឡេក្រាម។

ជុំវិញករណីនេះ អ្វីដែលជារឿងគួរឲ្យកត់សម្គាល់នោះគឺ «ករណីដូចគ្នា ប៉ុន្តែវាសនាខុសគ្នា»។ បន្ទាប់ពីកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួលបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ជនសង្ស័យឈ្មោះ ម៉ុត នឿន បែរជាត្រូវបានសមត្ថកិច្ចខេត្តធ្វើការសាកសួរ និងអប់រំ រួចក៏បានដោះលែងឲ្យមានសេរីភាពត្រឡប់ទៅផ្ទះវិញ។ ការដោះលែងនេះហាក់មានភាពផ្ទុយគ្នាស្រឡះទៅនឹងករណីបង្ក្រាបបទល្មើសល្បែងស៊ីសងផ្សេងៗទៀត ដែលកន្លងមកឲ្យតែសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាន គឺតែងតែកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ជានិច្ច។

យោងតាម មាត្រា៥ នៃច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ី សង (ឆ្នាំ១៩៩៦) នៃព្រះរាជាណាចក្រកម្ពុជា បានចែងយ៉ាងច្បាស់ថា៖ «អ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់កន្លែងលេងល្បែងស៊ីសង អ្នកចាត់ចែង និងភ្នាក់ងារស៊ីសង ត្រូវពិន័យជាប្រាក់ពី ៥.០០០.០០០ រៀល (ប្រាំលានរៀល) ទៅ ២០.០០០.០០០រៀល (ម្ភៃលានរៀល) និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ»។ ដូច្នេះ ផ្អែកតាមអង្គហេតុ និងភស្តុតាងជាក់ស្តែង ជនសង្ស័យរូបនេះក្នុងនាមជាភ្នាក់ងារកត់ឆ្នោត (ចាត់ចែងល្បែង) ត្រូវប្រឈមនឹងការផ្ដន្ទាទោសតាមច្បាប់ជាធរមាន មិនមែនត្រឹមតែការអប់រំហើយដោះលែងឲ្យរួចខ្លួននោះឡើយ៕


ចែករំលែក៖