ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានផ្សាយថា មន្ត្រី តូចធំអ្នកនយោបាយរបស់រុស្ស៊ីដែលកំពុងតែធ្វើការនៅក្រៅប្រទេសទទួលបានបទ បញ្ជាពីប្រធានាធិបតី ពូទីន ឲ្យវិលត្រឡប់ទៅប្រទេសវិញជាបន្ទាន់ដោយនាំគ្រួរសារសាច់ញាតិទាំងអស់ទៅជាមួយផង។ សកម្ម ភាពខាងលើបង្កជាក្តីបារម្ភយ៉ាងខ្លាំងពី សង្គ្រាមជាទ្រង់ទ្រាយធំកើតឡើងក្នុងពេល ដែលរុស្ស៊ីនិងលោកខាងលិចកំពុងតែប្រឈម មុខតានតឹងដាក់គ្នា។
តាមការផ្សព្វផ្សាយរបស់គេហទំព័រ Znak.com របស់រុស្ស៊ីបានផ្សាយពីបទបញ្ជា របស់លោក ពូទីន ថា រាល់បុគ្គលិកក្រុមហ៊ុន រដ្ឋ អ្នកនយោបាយ ដែលមានកូនរៀននៅបរទេសត្រូវប្រញាប់យកកូនចេញពីសាលា រៀន ហើយវិលត្រឡប់មកស្រុកជាបន្ទាន់។
បើទោះបីគ្មានមូលហេតុច្បាស់លាស់ពីបទបញ្ជានោះក៏ដូចជាការបកស្រាយឲ្យបាន ច្បាស់លាស់ក្តីក៏អ្នកវិភាគរុស្ស៊ី និងជាអ្នក នយោបាយសំខាន់មួយរូបរបស់រុស្ស៊ីលោក Stanislay Belkovsky បានប្រកាសថា « នេះ ជាការត្រៀមលក្ខណៈសម្រាប់សង្គ្រាមលោក។ ពិសេសក្នុងពេលដែលរុស្ស៊ីនិងលោកខាងលិចកំពុងតែតានតឹងដាក់គ្នា»។
បទបញ្ជារបស់លោក ពូទីន កើតឡើងក្រោយពេលដែលលោកបានប្រកាសលុបចោលដំណើរទស្សនកិច្ចទៅកាន់ប្រទេសបារាំងក្រោយពេលប្រធានាធិបតីបារាំង ប្រកាសថាកម្លាំងទាហានស៊ីរីដោយមានការគាំទ្រពីរុស្ស៊ីបានបំពានលើបទឈប់បាញ់ នៅទីក្រុងអាឡែបប៉ូ។ អ្នកវិភាគពីគោល នយោបាយការបរទេសរបស់រុស្ស៊ីលោក Fyodor Lukyan បានលើកឡើងថា ការ លុបចោលដំណើរទស្សនកិច្ចនោះគឺជារឿង មិនធ្លាប់កើតមានឡើងបានជាមានក្តីបារម្ភនឹកគិតដល់កាលពីសម័យសង្គ្រាមត្រជាក់។
កាលពីប៉ុន្មានថ្ងៃមុននេះប្រព័ន្ធផ្សព្វផ្សាយ លោកខាងលិចបានផ្សាយថា រុស្ស៊ីបានបញ្ជូន កាំជ្រួចមីស៊ីលទៅកាន់ព្រំដែនជាប់ប្រទេស ប៉ូឡូញ និង Lithuania ដូចជាការត្រៀម លក្ខណៈធ្វើសង្គ្រាមជាមួយប្រទេសតំបន់អឺរ៉ុប។
ក្រោយពីមានការប្រឈមមុខតានតឹង ដាក់គ្នាជាមួយអាមេរិកនិងណាតូក៏ដូចជាការមិនចុះសម្រុងគ្នាក្នុងការស្វែងរកដំណោះ ស្រាយបញ្ចប់សង្គ្រាមនៅក្នុងប្រទេសស៊ីរី រុស្ស៊ីបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការធ្វើសង្គ្រាមទ្រង់ទ្រាយធំជាមួយលោកខាងលិច។
កន្លងមកថ្មីៗក្រសួងការពារជាតិរុស្ស៊ីបានថ្លែងបញ្ជាក់ពីការបញ្ជូនប្រព័ន្ធមីស៊ីល ធុន Iskander-M ទៅប្រចាំការបន្ថែមទៀតនៅលើដែនដីខេត្ត Kaliningrad ជាខេត្តនៅប៉ែកខាងលិចបង្អស់នៃសហព័ន្ធរុស្ស៊ីនៅជាប់នឹងព្រំដែនប្រទេសប៉ូឡូញ និង ប្រទេសលីទុយអានី។ ក្រសួងការពារជាតិរុស្ស៊ីគូសបញ្ជាក់ថា ការបញ្ជូនទៅនេះគឺក្នុង ក្របខ័ណ្ឌនៃលំហាត់សឹក។
មូលហេតុនៃការបញ្ជាក់នេះមកពីមួយថ្ងៃមុនប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចខ្លះមាន Reuters និងកាសែតអង់គ្លេស The Guardian យោងទៅលើប្រភពពីអេស្តូនីបាន នាំគ្នាផ្សាយថា មីស៊ីលធុន Iskander-M ដែលដឹកទៅនោះគឺដឹកតាមកប៉ាល់ចេញពីកំពង់ផែក្រុង Siant -Petersbourg ។ ម៉្លោះហើយបានជារសៀលកន្លងទៅពេលថ្លែងទៅកាន់ពួកអ្នកកាសែតតំណាងផ្លូវការនៃក្រសួងការពារជាតិរុស្ស៊ីលោកឧត្តមសេនីយ៍ ទោ Igor Kona- shenkov បាននិយាយលម្អិត ថា កងទ័ពរុស្ស៊ីដែលធ្លាប់បានបញ្ជូនមីស៊ីល បែបនេះមិនតិចដងទេ ទៅកាន់តំបន់ Kaliningrad នឹងបន្តបញ្ជូនវាតទៅទៀតទាំងក្នុងអនាគតដើម្បីឲ្យសមទៅតាមតម្រូវការសម្រាប់ធ្វើលំហាត់សឹក។
Iskander-M ជាមីស៊ីលចល័តហើយក្នុង ក្របខ័ណ្ឌនៃផែនការខាងត្រៀមប្រយុទ្ធអង្គ ភាពទ័ពមីស៊ីល២៤ម៉ោងលើ២៤ម៉ោង តែង បោះពួយឆ្លងកាត់លំហល្ហល្ហេវនៃសហព័ន្ធរុស្ស៊ីទាំងតាមផ្លូវអាកាសទាំងតាមផ្លូវទឹក និង ទាំងតាមផ្លូវគោកដោយវិធីខ្លួនឯង។
លោកឧត្តមសេនីយ៍តំណាងឲ្យក្រសួងការពារជាតិរុស្ស៊ីថែមទាំងបង្ហើបឲ្យដឹងពី ចំណុចរសើបមួយថា ការដឹកមីស៊ីល Iskander លើកនេះត្រូវរុស្ស៊ីធ្វើដោយចំហ និងដោយចេតនាគឺបញ្ចេញរូបរាងវាយ៉ាងសម្ញែងនៅលើកប៉ាល់ឈ្មោះ Ambal ដែល ដឹកវាគ្រាន់ជានុយទាក់ភ្នែកផ្កាយរណបអាមេ រិកាំង ហើយមិនយូរប៉ុន្មានក៏មានផ្កាយរណប ឈ្លបយកការណ៍អាមេរិកាំងហោះកាត់ពីលើថតមីស៊ីលនោះមែនដែលជាហេតុឲ្យភាគីរុស្ស៊ីបរិហារបកអាក្រាតពីប្រតិបត្តិការបំពេញដោយផ្កាយរណបអាមេរិកាំង រួច កំណត់បានយ៉ាងទៀងទាត់អំពីកម្ពស់ហោះ និងផ្លូវហោះរបស់វានៅពីលើដែនដីរុស្ស៊ី។
ពិតជាយោងលើទិន្នន័យផ្តល់ដោយផ្កាយ រណបរបស់ខ្លួនដែលបណ្តាញឈ្លបយកការណ៍អាមេរិកាំងកាលពីថ្ងៃកន្លងទៅទម្លាយ ដំណឹងថា រុស្ស៊ីចាប់ផ្តើមដឹកមីស៊ីល Iskan- der ទៅកាន់ខេត្ត Kaliningrad ។ មូស្គូធ្លាប់ បានឲ្យដឹងថា មីស៊ីលនេះអាចជាប្រតិកម្មទល់នឹងបក្សសម្ព័ន្ធអូតង់ដែលនៅតែបន្ត ដំឡើងខែលមីស៊ីលប្រឆាំងមីស៊ីលនៅលើដែនដីប៉ូឡូញខែលដែលរុស្ស៊ីចាត់ទុកជាគ្រោះថ្នាក់ឥតប្រកែកបានដល់សន្តិសុខជាតិ របស់ខ្លួន។
កន្លងមកមានសេចក្តីប្រកាសមួយបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីប្រជាពល រដ្ឋដោយបានបញ្ជាក់ថា សង្គ្រាមនុយក្លេអ៊ែរ នឹងកើតឡើងក្នុងពេលឆាប់ៗ។ ការប្រកាស ខាងលើស្របពេលដែលភាពតានតឹងកំពុង តែកើនខ្លាំងឡើងនៅមជ្ឈិមបូព៌ា។
យោងតាមប្រភពព័ត៌មានពី Metro ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃចន្ទបានស្នើច្បាប់ព្យួរកិច្ចព្រម ព្រៀងទីក្រុងមូស្គូ-ក្រុងវ៉ាស៊ីនតោន ចំពោះ ការបោះបង់ចោលនូវលោហធាតុសម្រាប់ផលិតអាវុធនុយក្លេអ៊ែរ។
មន្ត្រីរុស្ស៊ីបាននិយាយកាលពីថ្ងៃសុក្រថា ជម្រកក្រោមដីត្រូវបានគេសាងសង់ រួចរាល់ហើយដែលវាអាចផ្តល់ទីលំនៅដល់ មនុស្សចំនួន១២លាននាក់ដែលនេះគឺល្មម គ្រប់គ្រាន់សម្រាប់ចំនួនប្រជាជននៅក្នុង ទីក្រុងមូស្គូទាំងអស់។
សមាគមគ្រប់គ្រងកងទ័ព Arms Control Association បាននិយាយថា សហរដ្ឋ អាមេរិក និងរុស្ស៊ីនៅតែបន្តបញ្ជូនគ្រាប់យុទ្ធ សាស្ត្រច្រើនជាង១.៥០០គ្រាប់តាមយន្តហោះទម្លាក់គ្រាប់បែកពីរបីរយគ្រឿង និង គ្រាប់មីស៊ីលដែលច្រើនជាងការចាំបាច់ឆ្ងាយ ណាស់ដើម្បីទប់ស្កាត់ការវាយប្រហារដោយ អាវុធនុយក្លេអ៊ែរ ហើយម្យ៉ាងទៀតនោះពួក គេកំពុងតែធ្វើប្រព័ន្ធដឹកជញ្ជូនអាវុធនុយក្លេអ៊ែរឲ្យកាន់តែទំនើបខ្លាំងឡើង។
កន្លងមកប្រធានាធិបតីរុស្ស៊ីលោក ពូទីន បានបង្កឲ្យពិភពលោកកាន់តែព្រួយបារម្ភ ដោយយល់ថា ប្រទេសនេះបានត្រៀម លក្ខណៈធ្វើសង្គ្រាមលោកលើកទី៣ដោយប្រទេសនេះបានចាប់ផ្តើមធ្វើលំហាត់សមជម្លៀសពលរដ្ឋជាង៤០លាននាក់នៅទូទាំង ប្រទេសចាប់ពីថ្ងៃទី៤ ខែតុលា។
រដ្ឋមន្ត្រីគ្រប់គ្រងគ្រោះអាសន្នរុស្ស៊ីលោក Vladimir Puchkov បានបញ្ជាក់ថា «អាទិភាពរបស់យើងក្នុងពេលធ្វើលំហាត់សមគឺការជម្លៀសពលរដ្ឋស្លូតត្រង់ចេញពីតំបន់ដែលអាចប្រឈមនឹងគ្រោះថ្នាក់ខ្លាំងបំផុត។
លោក Vladimir Puchkov បានបញ្ជាក់ ថា នៅក្នុងលំហាត់ធ្វើសមយុទ្ធដើម្បីវាយ តម្លៃពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល នឹងមន្ត្រីមូលដ្ឋានថា តើមានសហការគ្នាល្អ ប៉ុនណានៅពេលមានគ្រោះអាសន្នកើត ឡើងក៏ដូចជាទីតាំងដែលត្រូវជម្លៀសពលរដ្ឋប្រកបដោយសុវត្ថិភាពនោះ៕ សាធី