ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿងពុករលួយរបស់អតីតអធិការរងស្រុកបវេល ខេត្តបាត់ដំបង និងបក្ខពួក៤នាក់មកបើកសវនាការដើម្បីផ្តន្ទាទោសលើជនជាប់ចោទសរុបចំនួន៥នាក់ ដែលជាប់ពាក់ពន្ធពីបទប៉ុនប៉ងសូកប៉ាន់ និងបទសម្អាតប្រាក់ ។
សវនាការបានធ្វើឡើងជាសាធារណៈ មានលោក យ៉ែម តុលា ជាចៅក្រមជំនុំជម្រះ និងលោក ទុង រតនា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចំពោះមុខជនជាប់ចោទទាំង៥ នាក់ ៖
១.ឈ្មោះ រ៉ន វាសនា ភេទប្រុស អាយុ៣៨ឆ្នាំ អតីតជាអធិការរងស្រុកបវេល ខេត្តបាត់ដំបង ។
២.ឈ្មោះ តាំង សំណាង ហៅ សុខ ច័ន្ទសំណាង ភេទប្រុស អាយុ៤៣ឆ្នាំ អតីត មន្ត្រីនគរបាល ។
៣.ឈ្មោះ ហេង សុខណា ភេទប្រុស អាយុ៤០ឆ្នាំ ។
៤.ឈ្មោះ មុនី សុខដារ៉ូ ភេទប្រុស អាយុ២៩ឆ្នាំ ។
៥.ឈ្មោះ សាប់ ភារ៉ន ភេទប្រុស អាយុ៤៥ឆ្នាំ ។
ជនត្រូវចោទទាំង៥នាក់មានមេធាវីការពារក្តីដោយស្របច្បាប់ ក្រោមការចូលរួមតាមដានស្តាប់ពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ។
នៅពេលបញ្ចប់ការបើកការសាកសួរដេញដោល តុលាការបានលើកពេលប្រកាសសាលក្រមលើសំណុំរឿងនេះ ទៅថ្ងៃក្រោយដោយមិនកំណត់។
សូមជម្រាបថា កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួនមន្រ្តីនគរបាល២នាក់ ហើយបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធអំពើពុករលួយ ដោះលែងជនជាតិថៃ ជាថ្នូរនឹងប្រាក់រាប់ម៉ឺនដុល្លារអាមេរិក ។ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់បណ្តាញសារព័ត៌មានផងដែរថា នៅរសៀលថ្ងៃដដែលនេះ ជនសង្ស័យ២នាក់ មានឈ្មោះ រ៉ន វាសនា អតីតជាអធិការរង និងម្នាក់ទៀតឈ្មោះ តាំង សំណាង ហៅ សុខ ច័ន្ទសំណាង ជាមន្ត្រីនគរបាលត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទប៉ុនប៉ងសូកប៉ាន់ និងបទសម្អាតប្រាក់ តាមមាត្រា ៣២ នៃច្បាប់ស្តីពីប្រឆាំងអំពើពុករលួយ មាត្រា ២៧ មាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។ ក្រោយបញ្ចប់បើកការស៊ើបសួរជនសង្ស័យទាំង២នាក់ តំណាងអយ្យការបានធ្វើការចោទប្រកាន់ជាផ្លូវការ រួចបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។
សូមជម្រាបទៀតថា ក្រោយពេលតុលាការឃុំខ្លួនអតីតអធិការរងស្រុកបវេល ខេត្តបាត់ដំបង និងមន្ត្រីនគរបាលម្នាក់នោះមក អង្គភាពប្រឆាំងអំពើពុករលួយក៏បានស្រាវជ្រាវឈានទៅដល់ការឃាត់ខ្លួនបក្ខពួក៣នាក់ទៀត និងនាំជនជនសង្ស័យយកទៅឃុំខ្លួនបន្តបន្ទាប់ក្នុងសំណុំរឿងតែមួយ ដូច្នោះហើយទើបពេលបើកសវនាការជំនុំជម្រះក្តីពេលនេះ មានជនត្រូវចោទសរុបចំនួន៥នាក់ឈរក្នុងរង្វង់ក្រចកសេះ ដើម្បីបើកការសាកសួរដេញដោលនោះ ៕

ដោយ៖រ៉ារ៉ា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច