ភ្នំពេញ៖ ក្រោមគម្រោងក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្រសួងព័ត៌មាននៃប្រទេសកម្ពុជា និងស្ថានទូតចិនប្រចាំនៅកម្ពុជា បានបើកយុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយនៅកម្ពុជា និងក្នុងតំបន់មេគង្គ ដើម្បីធានាសន្តិសុខព័ត៌មាន និងលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានពិត។
ថ្លែងក្នុងពិធីបើកសម្ពោធការអនុវត្តគម្រោងមេគង្គ-ឡានឆាងនៅទីស្ដីការក្រសួងព័ត៌មាននារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា យុទ្ធនាការនេះ នៅក្នុងគោលបំណងផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ អំពីកិត្តិនាម នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសជាមួយក្រសួងព័ត៌មាន តាមរយៈការសម្របសម្រួលពីស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា។
គម្រោងយុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយដំណាក់កាលទី២នេះ មានលក្ខណៈខុសប្លែកពីយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដែលក្រសួងព័ត៌មានបានចាប់ផ្តើមអនុវត្តចាប់តាំងពីខែមេសា ឆ្នាំ២០២៤។ នៅដំណាក់កាលទី២នេះ យើងធ្វើជាលក្ខណៈតំបន់ ដោយមានការចូលរួមពីប្រទេសឡាវ វៀតណាម ភូមា រួមជាមួយនឹងសាធារណរដ្ឋប្រជាមានិតចិន ដែលជាប្រទេសម្ចាស់ជំនួយនៅក្នុងការអនុវត្តគម្រោង។
សំឡេង៖ «យុទ្ធនាការនេះ បន្ស៊ីទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ របស់ក្រសួងព័ត៌មាន ដែលផ្តល់អាទិភាពចម្បងលើការរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ តាមរយៈការគ្រប់គ្រងសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន លំហព័ត៌មាន និងសន្តិសុខព័ត៌មាន និងការពង្រឹងការទូតព័ត៌មាន ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ និងនៅលើសកលលោក សំដៅផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ ជាពិសេសគឺការរៀបចំយុទ្ធនាការនេះ សមស្របទៅនឹងបម្រែបម្រួលចរន្តនយោបាយសកលលោក ដែលប្រព័ន្ធផ្សព្វផ្សាយកំពុងដើរតួនាទីសំខាន់ជាងពេលណាៗទាំងអស់ នៅក្នុងការផ្ដល់ព័ត៌មានពិតជូនទៅដល់សាធារណជនទូទៅ និងគួរត្រូវបានប្រើប្រាស់ជាស្ពានតភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃបណ្តាប្រទេសនៅក្នុងតំបន់ និងសកលលោក សំដៅកសាងសន្តិភាព និងវិបុលភាពរួមគ្នា។ »
ឯកឧត្តម ចេន ចុង (Chen Cong) ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជាបានមានប្រសាសន៍ថា យុទ្ធនាការ នេះ នឹងជួយពង្រឹងសមត្ថភាពអ្នកសារព័ត៌មានឱ្យមានវិជ្ជាជីវៈខ្ពស់ក្នុងការត្រួតពិនិត្យ និងវាយបកទៅនឹងព័ត៌មានមិនពិត ដែលមានបំណងបំផ្លាញទំនាក់ទំនងមិត្តភាពរវាង កម្ពុជា-ចិន។
ឯកឧត្តមបន្តថាក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ មូលនិធិពិសេសមេគង្គ-ឡានឆាង បានគាំទ្រគម្រោងសរុបជាង ៨០ គម្រោងនៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះ ក្រសួងព័ត៌មានបានអនុវត្តដោយជោគជ័យនូវគម្រោងចំនួន ៥ ដែលសុទ្ធសឹងតែជាគម្រោងជំរុញតម្លាភាព និងគុណភាពនៃព័ត៌មានក្នុងតំបន់ បង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក និងរកសាងសហគមន៍ជោគវាសនារួមគ្នានៃបណ្ដាប្រទេសតាមដងទន្លេមេគង្គ។
ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជានាយកគម្រោងឡានឆាងមេគង្គ បានមានប្រសាសន៍ថា គម្រោងយុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២៦នេះ ជាគម្រោងទី៦របស់ក្រសួងព័ត៌មាន ដែលមានទឹកប្រាក់២សែន៧ម៉ឺនដុល្លារសហរដ្ឋអាមេរិក ។
ឯកឧត្តមបញ្ជាក់ថា គម្រោងក្នុងដំណាក់កាលទី២ ឆ្នាំ២០២៦នេះ នឹងមានសកម្មភាពធំៗចំនួន ៣៖ ទី ១. ការចូលរួមពីមន្ត្រីរដ្ឋាភិបាល អ្នកសារព័ត៌មាន និងយុវជនប្រមាណ ៣០០នាក់ មកពី ៥ប្រទេស កម្ពុជា ឡាវ ភូមា វៀតណាម និងចិន។ ២. កិច្ចពិភាក្សាថ្នាក់តំបន់ដើម្បីដាក់ចេញនូវវិធានការបង្ការ និងទប់ស្កាត់ព័ត៌មានក្លែងក្លាយឆ្លងដែន និងទី ៣. ការជ្រើសរើសជ័យលាភី ៥រូប ដែលផលិតមាតិកាល្អបំផុតស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ៕

ប្រភព ៖ (CCFR)
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច