ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញជាអធិបតីភាពក្នុងវេទិកា«ពិភាក្សាជាមួយយុវជនខេត្តឧត្តរមានជ័យ»

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល (យ.គ.ក.) បន្តបេសកម្ម អញ្ជើញជាអធិបតីភាពក្នុងវេទិកា«ពិភាក្សាជាមួយយុវជនខេត្តឧត្តរមានជ័យ» ។

សូមបញ្ជាក់ថា ៖ នាព្រឹកថ្ងៃសៅរ៍ ១១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ នៅសាលាខេត្តឧត្ដរមានជ័យ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញជាអធិបតីភាពក្នុងវេទិកា «ពិភាក្សាជាមួយយុវជនគណបក្សខេត្តឧត្ដរមានជ័យ» ដោយមានការអញ្ញើញចូលរួមពីលោក មាន ចាន់យ៉ាដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងជាប្រធានយុវជនគណបក្សខេត្តឧត្ដរមានជ័យ, លោកអនុប្រធានគណៈប្រចាំការ , ព្រមទាំង លោក លោកស្រី ជាថ្នាក់ដឹកនាំគ្រប់ថ្នាក់ គ្រប់ផ្នែកក្នុងខេត្តឧត្ដរមានជ័យ សរុបអ្នកចូលរួមចំនួន ៥០១ រូប។

វេទិកាពិភាក្សានេះរៀបចំឡើងក្នុងគោលបំណងដើម្បីចង់ដឹង ចង់ស្តាប់នូវមតិយោបល់ សំណួរ សំណូមពរ និងកង្វល់ផ្ទាល់ ពីបងប្អូនយុវជនគណបក្សប្រជាជនកម្ពុជាដែលរងគ្រោះផ្ទាល់ពីបញ្ហាព្រំដែនកម្ពុជា-ថៃ ដើម្បីចូលរួមជាមួយគណបក្ស និងរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងចូលរួមកសាងប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀតក្រោមការដឹកនាំ របស់ សម្តេចតេជោ និងសម្តេចធិបតី។

មានមតិក្នុងពិធីបើកកម្មវិធីសំណេះសំណាល លោកបណ្ឌិត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចធិបតីនិងលោកជំទាវបណ្ឌិត ជូនចំពោះ លោក លោកស្រី និងសមាជិក សមាជិកាយុវជនគណបក្សខេត្តឧត្ដរមានជ័យ និងបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងឡាយ ដែលខេត្តឧត្ដរមានជ័យសម្រេចបាន ក្រោមការដឹកនាំរបស់លោក មាន ចាន់យ៉ាដា ប្រធានគណៈបក្សខេត្ត រួមជាមួយ លោក លោកស្រី ជាថ្នាក់ដឹកនាំ សមាជិកសមាជិកា និងយុវជនគណបក្សនៅទូទាំងខេត្តឧត្ដរមានជ័យ។

អង្គពិធីបានប្រព្រឹត្តទៅយ៉ាងផុលផុស ដោយមានការចូលរួមមតិយោបល់ សំណួរ និងសំណូមពរ ជាច្រើនពីសំណាក់សមាជិកសមាជិកាយុវជន ដោយផ្តោតជាសំខាន់អំពីស្ថានភាពនយោបាយនៅក្នុងប្រទេស, ជម្លោះព្រំដែនកម្ពុជា-ថៃ, បញ្ហាពុករលួយក្នុងសង្គម, បញ្ហាឆបោកតាមប្រព័ន្ធ online, គ្រឿងញៀន, ឧក្រិតកម្មជួញដូរមនុស្ស, និងបញ្ហាប្រេងឡើងថ្លៃដែលនឹងអាចឈានដល់មានវិបត្តិសេដ្ឋកិច្ចសកល ជាដើម ។

ឆ្លើយតបទៅនឹងបញ្ហាខាងលើនេះ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ព្រមទាំងគណៈអធិបតី បានធ្វើការបកស្រាយ បំភ្លឺយ៉ាងក្បោះក្បាយ និងបានសំណូមពរដល់បងប្អូនយុវជនគណបក្សទាំងអស់ កុំឲ្យ ចាញ់បោកការឃោសនា ឬឧបាយកល់របស់ពួកប្រឆាំងជ្រុលនិយម ដែលតែងតែប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គមជាមធ្យោបាយវាយប្រហារ អុជអាល ញុះញង់ និងមួលបង្កាច់មកលើរាជរដ្ឋាភិបាល និងគណបក្ស ដើម្បីបង្កភាពវឹកវរ និងចលាចលនៅក្នុងសង្គម។

ដើម្បីឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន លោកបណ្ឌិតប្រធាន បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន ដូចខាងក្រោម ៖

១. យុវជនពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងអោយបានរឹងមាំ និងបន្តលើកកម្ពស់ស្មារតីស្នេហាជាតិ ក្នុងពេលសត្រូវបានឈ្លានពានដោយប្រើសង្គ្រាមចិត្តសាស្រ្តក្នុងការបំបែកបំបាក់ផ្ទៃក្នុងកម្ពុជា ពិសេសដល់ប្រជាពសលរដ្ឋដែលទើបត្រឡប់មកលំនៅឋានវិញ។

២. យុវជនបក្សត្រូវបន្តគាំទ្រ ជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខគណបក្សដឹកនាំដ៍មុតមាំ ព្រមទាំងបន្តការគាំទ្រជឿជាក់លើរាជរដ្ឋាភិបាលដែលមានសម្តេចបវរធិបតី ជាអនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ។

៣. យុវជនដែលចូលរួមក្នុងវេទិកានាពេលនេះ ត្រូវយល់ឱ្យបានច្បាស់ពីគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី ។

៤. សូមឱ្យសមាជិកគណបក្សយើងយល់យ៉ាងច្បាស់ពីគោលជំហររបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ទាំងយន្តការច្បាប់អន្តរជាតិ ការទូត និងមធ្យោបាយព័ត៌មាន ដើម្បីយកទឹកដីរបស់យើងមកវិញឱ្យទាល់តែបាន ។

៥.ក្តាប់អោយជាប់ពីសារៈសំខាន់ សម្រាប់ដំណើរការឆ្ពោះទៅការការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២៧ ឆ្នាំ២០២៨ ខាងមុខនេះ ដើម្បីធានាឱ្យបក្សទទួលបានជោគជ័យ ទាំងការបោះឆ្នោតនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិផងដែរ ។

៦.ត្រូវចូលរួមយ៉ាងសស្រាក់សស្រាំ ជាមួយគណកម្មាធិការបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដើម្បីឱ្យប្រជាពលរដ្ឋទទួយបានព័ត៌មានពិត ។

៧.ក្នុងនាមយុវជនមិនត្រូវទន់ជ្រាយចំពោះ មហិច្ឆតាឈ្លានពានរបស់បរទេសមកលើបូរណភាពទឹកដីកម្ពុជា ។

៨.ស្នើគណៈកម្មាធិការបក្សគ្រប់ថ្នាក់ទាំងអស់ត្រូវបន្តរៀបចំវេទិកានេះ ទៅតាមថ្នាក់ក្រុង ស្រុកទាំង៥ ឱ្យបានទូលំទូលាយ ដើម្បីផ្សព្វផ្សាយគោលនយោបាយលើវិស័យការពារជាតិ ក៍ដូចជាវិស័យកសិកម្ម និងវិស័យផ្សេងៗទៀតដែលជាសសរស្តម្ភ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច ការរក្សាសន្តិភាព សុខសណ្តាប់ធ្នាក់ជូនជនរួមជាតិ៕

ដោយ ៖ សិលា


ចែករំលែក៖