ព័ត៌មានទាន់ហេតុការណ៍៖

អាហ្វហ្គានីស្ថានចោទប្រកាន់ប៉ាគីស្ថានពីបទវាយប្រហារតាមអាកាសលើមន្ទីរពេទ្យ បណ្តាលឲ្យមនុស្ស ៤០០ នាក់ស្លាប់

ចែករំលែក៖

អាហ្វហ្គានីស្ថាននិយាយថា មនុស្ស ៤០០ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់ប៉ាគីស្ថានលើមន្ទីរពេទ្យមួយក្នុងទីក្រុងកាប៊ុល ប៉ុន្តែប៉ាគីស្ថានបដិសេធការអះអាងនេះ។

អ្នកនាំពាក្យរដ្ឋាភិបាលអាហ្វហ្គានីស្ថានម្នាក់នៅថ្ងៃទី ១៧ ខែមីនា បានចោទប្រកាន់ប៉ាគីស្ថានថាបានកំណត់គោលដៅលើមណ្ឌលសុខភាពដែលគាំទ្រការស្តារនីតិសម្បទាគ្រឿងញៀននៅទីក្រុងកាប៊ុល ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤០០ នាក់ និងរបួស ២៥០ នាក់។

ប៉ាគីស្ថានបានបដិសេធភ្លាមៗចំពោះការចោទប្រកាន់នេះ ដោយហៅសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលអាហ្វហ្គានីស្ថានថាមិនពិត និងបំភាន់ ហើយនិយាយថាខ្លួនបាន “កំណត់គោលដៅលើមណ្ឌលយោធាយ៉ាងត្រឹមត្រូវ”។

រដ្ឋមន្ត្រីក្រសួងព័ត៌មានប៉ាគីស្ថាន លោក Attaullah Tarar បាននិយាយថា “ការផ្ទុះលើកទីពីរដែលអាចមើលឃើញបន្ទាប់ពីការវាយប្រហារបង្ហាញយ៉ាងច្បាស់ពីវត្តមាននៃឃ្លាំងគ្រាប់រំសេវធំៗ”។

ជម្លោះដែលបានចាប់ផ្តើមកាលពីខែមុន គឺជាការកើនឡើងដ៏ធ្ងន់ធ្ងរបំផុតរហូតមកដល់បច្ចុប្បន្នរវាងអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន ដែលជាប្រទេសជិតខាងពីរដែលមានព្រំដែនជាប់គ្នាប្រវែង ២.៦០០ គីឡូម៉ែត្រ។ មូលហេតុគឺបណ្តាលមកពីភាពតានតឹងដែលកំពុងបន្តរវាងប៉ាគីស្ថាន និងរបបតាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលភាគច្រើនវិលជុំវិញការចោទប្រកាន់របស់អ៊ីស្លាម៉ាបាដថា កាប៊ុលអនុញ្ញាតឱ្យក្រុមសកម្មប្រយុទ្ធប្រើប្រាស់ទឹកដីអាហ្វហ្គានីស្ថានជាជម្រកសុវត្ថិភាពដើម្បីធ្វើការវាយប្រហារនៅក្នុងប្រទេសប៉ាគីស្ថាន៕

ដោយ៖ធីរីណា


ចែករំលែក៖