ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតី Trump ភ្ញាក់ផ្អើលចំពោះការសងសឹករបស់អុីរ៉ង់

ចែករំលែក៖

ប្រធានាធិបតី Trump បានទទួលស្គាល់ថា លោកមានការភ្ញាក់ផ្អើលចំពោះការសងសឹករបស់អុីរ៉ង់ ដែលកំណត់គោលដៅលើប្រទេសជិតខាង។

លោកប្រធានាធិបតី Donald Trump បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមាននាថ្ងៃទី 16 ខែមីនាថា “គ្មាននរណាម្នាក់ សូម្បីតែអ្នកជំនាញដ៏អស្ចារ្យបំផុតក៏ដោយ អាចទស្សន៍ទាយបានថាពួកគេនឹងវាយប្រហារនោះទេ។ ប្រទេសទាំងនោះមិនមែនជាសម្ព័ន្ធមិត្តជិតស្និទ្ធនោះទេ ប៉ុន្តែពួកគេក៏មិនមែនជាសត្រូវដែរ។ ពួកគេរស់នៅក្បែរគ្នាអស់រយៈពេលជាច្រើនឆ្នាំ”។

លោកប្រធានាធិបតីបានធ្វើសេចក្តីថ្លែងការណ៍នេះ នៅពេលដែលត្រូវបានសួរថា តើលោកមានការភ្ញាក់ផ្អើល និងមិនសមហេតុផលអំពីហានិភ័យនៃអុីរ៉ង់វាយប្រហារប្រទេសជិតខាងរបស់ខ្លួន ប្រសិនបើជម្លោះផ្ទុះឡើងដែរឬទេ។ លោក Trump បានទទួលស្គាល់ថា “គ្មាននរណាម្នាក់រំពឹងទុករឿងនោះទេ។ យើងមានការភ្ញាក់ផ្អើល”។

នៅពេលនេះដែររដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ កំពុងប្រាប់ឱ្យអ្នកការទូតអាមេរិកនៅបរទេសជំរុញដល់សម្ព័ន្ធមិត្តចាត់ថ្នាក់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ (IRGC) និងក្រុមហេសបូឡានៅលីបង់ ថាជាក្រុមភេរវករ ដោយលើកឡើងពីហានិភ័យនៃការរងគ្រោះដោយការវាយប្រហារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦។

បទបញ្ជាផ្ទៃក្នុងនេះ ចុះហត្ថលេខាដោយរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃចន្ទ និងត្រូវបានផ្ញើទៅកាន់អ្នកការទូតអាមេរិក ក៏ដូចជាស្ថានកុងស៊ុលអាមេរិកនៅជុំវិញពិភពលោក។ បទបញ្ជានោះ ប្រាប់ឱ្យអ្នកការទូតទាំងអស់ផ្សព្វផ្សាយដល់សមភាគីរបស់ពួកគេ និងមិនឱ្យហួសថ្ងៃទី ២០ ខែមីនា ដោយបន្ថែមថា វាជាកិច្ចខិតខំប្រឹងប្រែងតស៊ូមតិជាមួយអ៉ីស្រាអែល ដើម្បីដាក់ក្រុមទាំងនេះចូលក្នុងបញ្ជីខ្មៅ។

IRGC គឺជាកងកម្លាំងយោធាជាន់ខ្ពស់ មានភារកិច្ចការពារច្បាប់អ៊ិស្លាមតឹងរ៉ឹងនៅអ៉ីរ៉ង់ និងគ្រប់គ្រងផ្នែកធំៗ នៃសេដ្ឋកិច្ចរបស់ប្រទេស។ សហរដ្ឋអាមេរិកនិងប្រទេសមួយចំនួនបានចាត់ថ្នាក់រួចហើយថា IRGC និងក្រុមប្រដាប់ហេសបូឡានៅលីបង់ គឺជាក្រុមភេរវករ។

គួរបញ្ជាក់ថា រដ្ឋបាលលោក ត្រាំ កំពុងព្យាយាមប្រមូលផ្តុំសម្ព័ន្ធមិត្ត ដែលហាក់នៅមានភាពស្ទាក់ស្ទើរ ហើយភាគច្រើនមិនត្រូវបានប្រាប់ឱ្យដឹង ដើម្បីជួយដល់ប្រតិបត្តិការយោធារបស់ខ្លួន មុនអាមេរិក-អ៉ីស្រាអែលវាយប្រហារលើអ៉ីរ៉ង់៕

ដោយ៖ធីរីណា


ចែករំលែក៖