ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មាន ស្តីពី «ជំនួបពិភាក្សាការងាររវាងលោកបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) និងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំក្រសួងព័ត៌មាន»

ចែករំលែក៖

ភ្នំពេញ​៖​ លោកបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) បានជួបប្រជុំ ពិភាក្សាការងារជាមួយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំក្រសួងព័ត៌មាន កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦​ នៅសាលភក្តីវិក្រម៣ វិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ជំនួបពិភាក្សាការងារនេះ មានការចូលរួមពីសំណាក់ លោក​ លោកស្រី​ ប្រធាន អនុប្រធាន លេខាធិការ សមាជិក សមាជិកាគណៈកម្មការទាំង១០ នៃព្រឹទ្ធសភា សមាជិកខុទ្ទកាល័យ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាផងដែរ។

បន្ទាប់ពីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន លោកបណ្ឌិត ប្រធានគណៈកម្មការទី៥ បានគូសបញ្ជាក់ថា ជំនួបពិភាក្សាការងារនេះ មានគោលបំណងស្វែងយល់អំពីវឌ្ឍនភាពការងារ និងសមិទ្ធផលនានា ដែលក្រសួងព័ត៌មានសម្រេច បានក្នុងឆ្នាំ២០២៥ និងទិសដៅនៃការអនុវត្តការងារឆ្នាំ២០២៦ ព្រមទាំងការអនុវត្តមុខងារសំខាន់បីនៃ ព្រឹទ្ធសភា រួមមាន មុខងារនីតិកម្ម មុខងារត្រួតពិនិត្យនិងតាមដានការអនុវត្តច្បាប់មុខងារតំណាង និង ការអនុវត្តតួនាទីភារកិច្ចរបស់គណៈកម្មការទី៥។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហាញជូនអង្គប្រជុំនូវសមិទ្ធផលសំខាន់ជាច្រើនដែល ក្រសួងព័ត៌មាន សម្រេចបាននៅឆ្នាំ២០២៥ តាមរយៈការងារអាទិភាពចម្បងៗ រួមមាន (១) ការធ្វើ ទំនើបកម្មស្ថាប័ននិងធនធានមនុស្ស និងការពង្រឹងអភិបាលកិច្ច ជាពិសេស ការកែទម្រង់ ពង្រឹង សមត្ថភាព ប្រសិទ្ធភាព និងគុណភាពការងារ, (២) ការធ្វើបច្ចុប្បន្នភាពច្បាប់និងបទដ្ឋានបច្ចេកទេស, ការគ្រប់គ្រងសណ្តាប់ធ្នាប់សារព័ត៌មាន និងសាធារណៈមតិ, ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និង ការអនុវត្តការទូតព័ត៌មាន ដោយផ្អែកលើអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿ ទុកចិត្ត និងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន»។ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានបង្ហាញអំពី ទិន្នន័យបច្ចុប្បន្នភាពនៃប្រព័ន្ធផ្សព្វផ្សាយរបស់កម្ពុជាក្នុងឆ្នាំ២០២៥ ដែលមានចំនួនសរុប១៥៥២ អង្គភាព ក្នុងនោះមានប្រព័ន្ធផ្សព្វផ្សាយបែបបុរាណ (វីទ្យុ ទូរទស្សន៍ និងរោងពុម្ពកាសែតទស្សនាវដ្ដី) ចំនួន៦៧៤ និងប្រព័ន្ធផ្សព្វផ្សាយបែបថ្មី (គេហទំព័រ ទូរទស្សន៍ឌីជីថល និងតាមអនឡាញ) ចំនួន៨៧៨។ យោងតាមទិន្នន័យប្រៀបធៀបនឹងឆ្នាំ២០២៤ ចំនួនប្រព័ន្ធផ្សព្វផ្សាយបែបថ្មីមានការកើនឡើង ប៉ុន្តែ បែបបុរាណមានការធ្លាក់ចុះចំនួន៦៨អង្គភាព។

ទន្ទឹមនឹងនេះដែរ ក្រសួងព័ត៌មាន បានអនុវត្តការងារអាទិភាពបី រួមមាន សិទ្ធិទទួលបាន ព័ត៌មានរបស់ប្រជាពលរដ្ឋ, គុណភាពព័ត៌មាន និងសុវត្ថិភាពព័ត៌មាន ក្នុងបរិបទនៃការរីកចម្រើនប្រព័ន្ធ ផ្សព្វផ្សាយបែបថ្មីតាមបណ្តាញទំនាក់ទំនងសង្គម ប្រព័ន្ធឌីជីថល ការកើនឡើងនៃព័ត៌មានក្លែងក្លាយ ច្រើន…។ល។ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានផ្តោតសំខាន់លើការដឹកនាំគ្រប់គ្រង ទំនាក់ទំនង សាធារណៈជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ វឌ្ឍនភាពនៃការកសាងភាពធន់នៃវិស័យព័ត៌មាន ប្រឈមមុខនឹងវិបត្តិនានាដែលកំពុងកើតមានឡើង។

សម្រាប់ទិសដៅការងារឆ្នាំ២០២៦ ក្រសួងព័ត៌មាន នឹងបន្តជំរុញការអភិវឌ្ឍស្ថាប័ន លើកកម្ពស់ សណ្តាប់ធ្នាប់សារព័ត៌មានឱ្យបានកាន់តែប្រសើរ បន្តលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពព័ត៌មាន និង ប្រព័ន្ធផ្សព្វផ្សាយ វិជ្ជាជីវៈនៃអ្នកសារព័ត៌មាន ការពង្រឹងការអនុវត្តច្បាប់នានាស្តីពីវិស័យព័ត៌មាន និង ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន, ការវាយតម្លៃស្ថានភាពសេរីភាពសារព័ត៌មានកម្ពុជា, ការអភិវឌ្ឍមូលធន មនុស្ស ជាពិសេស ភាពចាំបាច់នៃការបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសក្នុងវិជ្ជាជីវៈសារព័ត៌មាន សម្រាប់ រយៈពេល១០ឆ្នាំខាងមុខ…។ល។

នាឱកាសជំនួបពិភាក្សានេះ លោក លោកស្រី​ ប្រធាន អនុប្រធាន និងលេខាធិការ នៃ គណៈកម្មការទាំង១០ ព្រឹទ្ធសភា ក៏បានផ្លាស់ប្តូរយោបល់យ៉ាងផុលផុសជាមួយ លោករដ្ឋមន្ត្រីក្រសួង ព័ត៌មាន លើទិដ្ឋភាពនៃសារៈសំខាន់ក្នុងការពង្រឹងសមត្ថភាពមូលធនមនុស្សលើវិស័យព័ត៌មាន, ការជំរុញ ផ្សព្វផ្សាយអប់រំវប្បធម៌ និងអក្ខរកម្មឌីជីថលក្នុងបរិបទនៃបញ្ញាសិប្បនិម្មិត, ការអនុម័តសេចក្តីព្រាងច្បាប់ សំខាន់នានា ព្រមទាំងសេវាព័ត៌មានលើកទឹកចិត្ត។ កិច្ចពិភាក្សា ក៏បានផ្តោតសំខាន់លើយុទ្ធសាស្ត្រនៃ គមនាគមន៍ ក្នុងគ្រាមានវិបត្តិសុខភាព សន្តិសុខ និងបរិស្ថាន ជាពិសេស សង្គ្រាមឈ្លានពានពីសំណាក់ ប្រទេសជិតខាង និងសារៈសំខាន់នៃតួនាទី និងការគាំទ្ររបស់សភា ដល់ក្រសួង និងវិស័យព័ត៌មាន ផងដែរ។

នៅចុងបញ្ចប់ លោកប្រធានគណៈកម្មការទី៥ បានវាយតម្លៃខ្ពស់ចំពោះបទអន្តរាគមន៍ ការឆ្លើយបំភ្លឺ និងការផ្លាស់ប្តូរទស្សនៈលើវិស័យព័ត៌មានជាយុទ្ធសាស្ត្ររបស់ លោក​រដ្ឋមន្ត្រី ជាមួយ នឹងសមិទ្ធផលជាផ្លែផ្កាដែលសម្រេចបានក្នុងឆ្នាំ២០២៥ និងការដាក់ចេញនូវទិសដៅការងារឆ្នាំ២០២៦ ដែលជាកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវ និងបុរេសកម្ម និងជាបច្ច័យយ៉ាងសំខាន់ ក្នុងការបន្តការពារផលប្រយោជន៍ជាតិ និងប្រជាជន៕

ដោយ​៖ តារា​


ចែករំលែក៖