ព័ត៌មានទាន់ហេតុការណ៍៖

លោកត្រាំខឹងសម្បារយ៉ាងខ្លាំង ក្រោយណាតូ មិនរវល់ក្នុងសង្គ្រាមជាមួយអីរ៉ង់

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា នាថ្ងៃសុក្រ ទី២០ ខែមីនា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបន្តរិះគន់សម្ព័ន្ធមិត្តអង្គការ NATO ជុំវិញភាពខ្វះការគាំទ្ររបស់ពួកគេ សម្រាប់សង្រ្គាមអាមេរិក-អ៉ីស្រាអែលជាមួយអ៉ីរ៉ង់ ហើយបានហៅសម្ព័ន្ធមិត្តយូរអង្វែងរបស់អាមេរិកនេះថា ជាពួកកំសាក។

នាពេលថ្មីៗនេះ លោក ត្រាំ បានអំពាវនាវឱ្យសម្ព័ន្ធមិត្តរបស់អាមេរិក ជាពិសេស NATO ជួយចូលរួមធានាសុវត្ថិភាពរបស់កប៉ាល់ដឹកជញ្ជូនកាត់ច្រកសមុទ្រ Hormuz ជាទីដែលប្រេងនិងឧស្ម័ន ២០ភាគរយរបស់ពិភពលោកធ្វើដំណើរឆ្លងកាត់។ ក្រៅពីសម្លាប់មនុស្សរាប់ពាន់នាក់ និងបង្ខំឱ្យរាប់លាននាក់រត់ភៀសខ្លួន ជម្លោះនៅមជ្ឈិមបូព៌ា បានធ្វើឱ្យញ័ររញ្ជួយទីផ្សារសកល ចាប់តាំងពីការវាយប្រហាររបស់អាមេរិកនិងអ៉ីស្រាអែលលើអ៉ីរ៉ង់ ចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ។ មុនពេលវាយអ៉ីរ៉ង់ ទីក្រុងវ៉ាស៉ីនតោន មិនបានពិគ្រោះយោបល់និងផ្តល់ដំណឹងជាមុន ដល់សម្ព័ន្ធមិត្តរបស់ខ្លួនឡើយ។

លោក ត្រាំ បានបន្តរិះគន់ថា ក្រុមប្រទេស NATO មិនចង់ចូលជួយក្នុងសង្រ្គាមប្រឆាំងអ៉ីរ៉ង់ ប៉ុន្តែត្អូញត្អែររឿងប្រេងឡើងថ្លៃខ្ពស់។ លោកបានហៅពួកគេថា ជាជនកំសាក និងព្រមានថា សហរដ្ឋអាមេរិកនឹងចងចាំរឿងនេះទុក។ មិនតែប៉ុណ្ណោះ លោកប្រធានាធិបតីអាមេរិក បានបន្ថែមថា បើគ្មានសហរដ្ឋអាមេរិកទេនោះ NATO គ្រាន់ជាខ្លាក្រដាសមួយប៉ុណ្ណោះ។

កាលពីថ្ងៃព្រហស្បតិ៍ អាល្លឺម៉ង់ ចក្រភពអង់គ្លេស បារាំង អ៉ីតាលី ហូឡង់ ជប៉ុន និងកាណាដា បានសន្យាក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីចូលរួមក្នុងកិច្ចប្រឹងប្រែងធានាសុវត្ថិភាពធ្វើដំណើរនៅច្រកសមុទ្រ Hormuz ប៉ុន្តែអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានគូសបញ្ជាក់ថា កិច្ចប្រឹងប្រែងនេះ គឺទាមទារឱ្យការប្រយុទ្ធគ្នាត្រូវបានបញ្ឈប់ជាមុនសិន៕


ចែករំលែក៖