ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចាត់ទុកព្រឹត្តិការណ៍ “ដើរដើម្បីស្នាមញញឹម” ជាការបង្ហាញពីការយកចិត្តទុកដាក់ និងក្តីសង្ឃឹមសម្រាប់កុមារ ផ្សារភ្ជាប់ជាមួយទេសចរណ៍ 

ចែករំលែក៖

ខេត្តសៀមរាប : លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថា ព្រឹត្តិការណ៍ “ដើរដើម្បីស្នាមញញឹម Walk for a Smile” ជាព្រឹត្តិការណ៍មានអត្ថន័យដ៏ជ្រាលជ្រៅទាំងផ្នែកសុខភាព មនុស្សធម៌ និងសាមគ្គីភាពមនុស្សជាតិ ព្រមទាំងទេសចរណ៍សុខភាព ពិសេសបង្ហាញពីក្តីមេត្តា ករុណា ការយកចិត្តទុក និងក្ដីសង្ឃឹមសម្រាប់កុមារ។

លោកថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសឯកឧត្តមសាស្ត្រាចារ្យ អញ្ជើញដឹកនាំបើកព្រឹត្តិការណ៍ “ដើរដើម្បីស្នាមញញឹម Walk for a Smile” ដែលមានអញ្ជើញជាអធិបតីពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦នេះ។

លោកសាស្រ្តាចារ្យ ឈាង រ៉ា បានលើកឡើងថា ព្រឹត្តិការណ៍ “ដើរដើម្បីស្នាមញញឹម” ជាការបង្ហាញពីក្តីមេត្តា ករុណា ការយកចិត្តទុក និងក្តីសង្ឃឹមដែលមានជានិច្ចសម្រាប់កុមារ និងអ្នកជំងឺដែលមានបញ្ហាស្នាមញញឹម។ ការវះកាត់ផ្តល់ជូនភាពញញឹមស្រស់បំព្រងឡើងវិញ និងការថែទាំបន្តសុខភាពកុមារ ពិតជាមានន័យសំខាន់បន្ថែមមួយទៀត នោះគឺការភ្ជាប់ សុខភាពមនុស្សជាតិតាំងពីដំបូង ជាមួយនឹងសោភណ្ឌភាពនៃទេសចរណ៍កម្ពុជាជាមួយគ្នា។

លោកសាស្រ្តាចារ្យ មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ ក៏ជាសក្ខីភាពបញ្ជាក់ពីការយកចិត្តទុកដាក់ និងការប្តេជ្ញារបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ក្នុងការលើកកម្ពស់ទាំងសុខភាព និងទេសចរណ៍ ដែលជាស្ពានចំណងមិនអាចកាត់ផ្តាច់បាននៃមនុស្សជាតិ ជាមួយការអភិវឌ្ឍចីរភាពសម្រាប់គ្រប់ប្រជាជាតិ។ ក្នុងព្រឹត្តិការណ៍នេះ ក៏មានការរួមទស្សនាប្រាសាទនានានៅតំបន់អង្គរ និងការទស្សនាព្រឹត្តិការណ៍សំខាន់ “សមរាត្រី” ដែលជាព្រឹត្តិការណ៍ថ្ងៃ និងយប់ស្មើគ្នា ព្រះអាទិត្យរះ នៅចំកំពូល កណ្ដាលនៃប្រាសាទអង្គរវត្ត ដែលគេអាចមើលឃើញច្បាស់ពីគោបុរៈ រៀងរាល់២ដង ក្នុងមួយឆ្នាំ។

គួរឱ្យដឹងថា នេះជាព្រឹត្តិការណ៍លើកទី៨ នៃការរៀបចំពិធី Walk for a Smile ដែលជាផ្នែកមួយនៃការបង្ហាញអំពីទំនាក់ទំនងល្អ និងការចូលរួមរួមគ្នារបស់ប្រជាជន តាមរយៈការសហការរវាងអង្គការស្នាមញញឹមកម្ពុជា និងអង្គការ Future Smile China ដែលបានបន្តអនុវត្តគម្រោងនេះជាច្រើនឆ្នាំមកដល់បច្ចុប្បន្ន៕

ប្រភព : មន្ទីរព័ត៌មាន ខេត្តសៀមរាប


ចែករំលែក៖