ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមក្មេងទំនើងបង្ហោះម៉ូតូនៅកោះនរា នគរបាលឃាត់បាន១២នាក់ ពាក់ព័ន្ធវាយប្លន់ម៉ូតូនិងប្រើហិង្សានៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ

ចែករំលែក៖

ភ្នំពេញ៖ ដោយទទួលអនុវត្តតាមបទបញ្ជានិងមានការអនុញ្ញាតពី ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ខែមីនា ឆ្នាំ២០២៦លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវ៉ន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងធ្វើការបង្ហាញមុខក្រុមជនសង្ស័យជាក្មេងទំនើងចំនួន១២នាក់ ក្រោយរងការចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ពីសំណាក់កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងជំនាញប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកានិងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ។

– ករណីទី១ លួចមានស្ថានទម្ងន់ទោស (កាប់នឹងវាយប្លន់យកម៉ូតូ) នៅចំណុចវាលស្រែ១០០ ផ្លូវលំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ វេលាម៉ោងប្រហែល៣ម៉០០នាទី ថ្ងៃទី២២ខែមិនា ឆ្នាំ ២០២៦ ។

-ករណីទី២ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកដាវ,មួកសុវត្ថិភាព,ដុំថ្ម កាប់ វាយ គប់ លើជនរងគ្រោះបណ្តាលឲ្យរងរបួស) ប្រព្តឹត្តនៅចំណុចលើផ្លូវលេខ២០១១ ភូមិខ្មែរលើ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមីនា វេលាម៉ោង០៤ និង ៥០នាទី ។

-ករណីទី៣ បង្ហោះម៉ូតូ តាមផ្លូបសារធារណៈប៉ះពាល់សណ្តាប់សុវត្ថិភាពសាធារណៈ ប្រព្រឹត្តនៅចំណុចផ្លូវកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦។

ជនសង្ស័យទាំងនេះរួមមាន:

១-ឈ្មោះ ទ្បាយ លីដា ហៅ លី ភេទប្រុស អាយុ១៧ឆ្នាំ

២-ឈ្មោះ រិទ្ធ សាតសុមករា ហៅ ប៊ី ភេទប្រុស អាយុ ១៧ឆ្នាំ

៣ -ឈ្មោះ ហោ អង្គារសភារដ្ឋ ហៅ រត្ន័ ភេទប្រុស អាយុ ១៧ឆ្នាំ

៤- ឈ្មោះ ងួន អុីទ្រីស័រ ហៅ ស័ ភេទប្រុស អាយុ ១៨ឆ្នាំ

៥-ឈ្មោះ លីន ចំរេីន ហៅ រេីន ភេទប្រុស អាយុ ១៨ឆ្នាំ

៦- ឈ្មោះ សូត្រ ច័ន្ទត្រា ហៅ ត្រា ភេទប្រុស អាយុ ១៧ឆ្មាំ

៧- ឈ្មោះ ភន់ តុងឆាយ ហៅ ឆាយ ភេទប្រុស អាយុ ១៧ឆ្មាំ

៨-ឈ្មោះ រីន រដ្ឋបញ្ញាបុត្រ ភេទប្រុស កើតឆ្នាំ២០០៨

៩-ឈ្មោះ ភឿក ចាន់ហេង ភេទប្រុស កើតឆ្នាំ២០០៨

១០-ឈ្មោះ ទ្រី ពិសី ភេទប្រុស កើតឆ្នាំ២០០៧

១១-ឈ្មោះ វាសនា សាម៉េត ភេទប្រុស កើតឆ្នាំ២០០៣

១២-ឈ្មោះ ធៀម សុភត្រា ភេទប្រុស កើតឆ្នាំ២០០៤។

បច្ចុប្បន្នជនសង្ស័យខាងលើនិងវត្ថុតាងមន្រ្តីជំនាញព្រហ្មទណ្ឌ កំពុងកសាងសំណុំរឿងចាត់ការតាមច្បាប់៕

 


ចែករំលែក៖