ពលរដ្ឋនៅក្នុងប្រទេសជាច្រើន តំបន់មជ្ឈិមបូព៌ាទទួលរងការវាយប្រហារជាបន្តបន្ទប់ ធ្វើអោយពលរដ្ឋរស់នៅទាំងការភ័យខ្លាច ។ ជាមួយគ្នានេះប្រព័ន្ធផ្គត់ផ្គង់ប្រេងសកលធ្លាក់ក្នុងស្ថានភាពច្របូកច្របល់ដោយសារតែសង្គ្រាមនោះ។
នៅថ្ងៃទី២៨ ខែមីនានេះ គឺគម្រប់១ខែ នៃសង្គ្រាមវាយប្រហារ បណ្តាលឲ្យមនុស្សជាង៣ពាន់នាក់ស្លាប់នៅក្នុងតំបន់មជ្ឈិមបូព៌ា ក្នុងនោះអុីរ៉ង់ មានអ្នកស្លាប់១៩០០នាក់។
នៅក្នុងសង្គ្រាមវាយប្រហារនេះ អាមេរិកក៏បានប្រើប្រាស់មីស៊ីលតម្លៃថ្លៃនិងទំនើប Tomahawk រហូតដល់ជាង ៨៥០គ្រាប់ ក្នុងសង្គ្រាមរយៈពេល៤សប្តាហ៍ជាមួយអ៉ីរ៉ង់ បង្កឱ្យមានការព្រួយបារម្ភនៅមន្ទីរបញ្ចកោណ។
យោងតាមសេចក្តីរាយការណ៍របស់កាសែត Washington Post នាថ្ងៃសុក្រកន្លងមកនេះ យោធាសហរដ្ឋអាមេរិកបានបាញ់មីស៊ីល Tomahawk ច្រើនជាង៨៥០គ្រាប់ ក្នុងរយៈពេលតែ៤សប្តាហ៍នៃសង្គ្រាមជាមួយអ៉ីរ៉ង់ ដែលជាអត្រាប្រើប្រាស់អាវុធដ៏ច្រើនសន្ធឹកសន្ធាប់ រហូតធ្វើឱ្យមន្ត្រីមន្ទីរបញ្ចកោណមួយចំនួនមានការព្រួយបារម្ភ និងឈានដល់ការជជែកពិភាក្សាផ្ទៃក្នុងអំពីវិធីបង្កើនសមត្ថភាពផលិតឱ្យបានទាន់ពេលវេលា។
ទោះបីជាមានការលើកឡើងពីក្តីបារម្ភនេះក្តី ក៏សេតវិមានបានចេញមុខច្រានចោលយ៉ាងដាច់អហង្ការ ដោយអ្នកនាំពាក្យ លោកស្រី Karoline Leavitt បានបញ្ជាក់ប្រាប់ Reuters ថា៖ «កងទ័ពអាមេរិកមានសព្វាវុធនិងគ្រាប់រំសេវស្តុកទុកគ្រប់គ្រាន់លើសពីអ្វីដែលចាំបាច់ ដើម្បីសម្រេចបាននូវគោលដៅនៃ «ប្រតិបត្តិការកំហឹងដ៏មហិមា» (Operation Epic Fury) ដែលកំណត់ដោយប្រធានាធិបតី ត្រាំ»។ លោកស្រីបានបន្ថែមថា លោក ត្រាំ នៅតែបន្តជំរុញឱ្យក្រុមហ៊ុនការពារជាតិទាំងអស់ពន្លឿនការផលិតអាវុធដែលផលិតដោយអាមេរិកផ្ទាល់ ដែលលោកអះអាងថាជាអាវុធដ៏ល្អបំផុតនៅលើពិភពលោក។
ជម្លោះរវាងអាមេរិក-អ៉ីស្រាអែល និងអ៉ីរ៉ង់ ដែលកំពុងឈានចូលដល់សប្តាហ៍ទី៤នេះ បានបង្កឱ្យមានតម្រូវការប្រើប្រាស់មីស៊ីលដែលមានភាពជាក់លាក់ខ្ពស់ (Precision weapons) យ៉ាងច្រើនលើសលប់ ដើម្បីកម្ទេចហេដ្ឋារចនាសម្ព័ន្ធយោធា និងរោងចក្រផលិតអាវុធរបស់ទីក្រុងតេហេរ៉ង់។ រហូតមកដល់ពេលនេះ ក្រសួងការពារជាតិអាមេរិក នៅមិនទាន់ផ្តល់ការអត្ថាធិប្បាយណាមួយជាផ្លូវការជុំវិញសេចក្តីរាយការណ៍នេះនៅឡើយទេ៕ ដោយ៖ ធីរីណា

រូបថត៖ AP
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច