ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់អ្នកដំណើរ១០៧នាក់ និងរបួសជាង២០០នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងខែមីនា

ចែករំលែក៖

ភ្នំពេញ : គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ កន្លងទៅនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកើតឡើងសរុប១៨៤ករណី។ គ្រោះថ្នាក់នេះបានបណ្ដាលឱ្យមានអ្នកស្លាប់១០៧នាក់ និងរងរបួសធ្ងន់ស្រាល២៥៧នាក់។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។

បើធៀបនឹងខែកុម្ភៈ គ្រោះថ្នាក់ចរាចរណ៍ខែមីនា បានថយចុះ១៨ករណី អ្នកស្លាប់ថយចុះ៦៣នាក់ និងអ្នករបួសថយចុះ១៦០នាក់។ យ៉ាងណាក៏ដោយ ក្រសួងនៅតែចាត់ទុកករណីគ្រោះថ្នាក់ចរាចរណ៍ ជាបញ្ហាប្រឈមខ្ពស់ ខណៈចុងក្រោយនេះ ករណីគ្រោះថ្នាក់បណ្ដាលឱ្យមានអ្នកស្លាប់ច្រើនក្នុងករណីតែមួយបានបង្ហាញពីសញ្ញាគួរឱ្យព្រួយបារម្ភ។

កាលពីរសៀលថ្ងៃទី៣១ ខែមីនា លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវនិងទទូចឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ភ្ញាក់រលឹក និងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ពិសេសក្នុងគ្រាដែលសមត្ថកិច្ចទទួលគោលការណ៍អនុវត្តត្រឹមការអប់រំ លើកលែងតែករណីបើកបរមានជាតិស្រវឹង។

លោកអភិសន្តិបណ្ឌិតបានសង្កត់ធ្ងន់ថា ការគោរពច្បាប់ចរាចរណ៍ មិនមែនធ្វើឡើងត្រឹមតែដើម្បីគេចវេសពីការផាកពិន័យរបស់សមត្ថកិច្ចនោះទេ ប៉ុន្តែវាគឺជាកាតព្វកិច្ចមនសិការដ៏ចម្បងដើម្បីការពារអាយុជីវិតខ្លួនឯង គ្រួសារ និងសេចក្តីសុខសាន្តរបស់សង្គមជាតិទាំងមូល៕

ដោយ : លោក សេង បូលីន មន្ត្រីអ្នកនាំពាក្យក្រសួងមហាផ្ទៃ


ចែករំលែក៖