ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាបញ្ជូនជនសង្ស័យប្រមាណ៧៥០នាក់ទៅតុលាការពាក់ព័ន្ធករណី Online Scams ក្នុងរយៈពេល ៩ខែចុងក្រោយនេះ

ចែករំលែក៖

ភ្នំពេញ៖ លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប.ឆ.ប. បានជម្រាបជូនថ្នាក់ដឹកនាំ និងសមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជាថា ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ២០២៦នេះ ពោលគឺក្នុងរយៈពេល៩ខែ ចុងក្រោយ សមត្ថកិច្ចកម្ពុជាក្នុងរាជធានី-ខេត្តបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានចំនួនជាង២៥០ ករណី និងបានកសាងសំណុំរឿង បញ្ចូនទៅតុលាការចំនួន ៨០ករណី ពាក់ព័ន្ធជនសង្ស័យប្រមាណ៧៥០នាក់ មានជនជាតិចិន ថៃ វៀតណាម ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី និងខ្មែរដែរ។

ឯកឧត្តមសន្តិបណ្ឌិតបានមានប្រសាសន៍លើកឡើងដូច្នេះ ក្នុងឱកាស លោក បានដឹកនាំប្រតិភូនៃលេខាធិការដ្ឋានគ.ប.ឆ.ប. ដើម្បីចូលរួមក្នុងកិច្ចប្រជុំស្តីពី «ការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅកម្ពុជា» ដែលត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់លោក ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា។

នៅក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកសមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និងថ្នាក់ដឹកនាំនៃលេខាធិការដ្ឋានគ.ប.ឆ.ប សរុបចំនួន ២១៣នាក់។

លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានមានប្រសាសន៍ថា ក្នុងក្របខណ្ឌប្រតិបត្តិការបោសសម្អាតទូទាំងប្រទេសរយៈពេល៩ខែចុងក្រោយនេះ ជនបរទេសចំនួន ១១,០០០ នាក់ រួមមានជនជាតិចិន, វៀតណាម, ឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា, ប៉ាគីស្ថាន និងថៃ ត្រូវបានបណ្តេញចេញពីកម្ពុជាពាក់ព័ន្ធOnline Scams ។ ជាមួយគ្នានេះ អាជ្ញាធរបានបន្តចុះត្រួតពិនិត្យទីតាំងដែលមានការសង្ស័យ ក្នុងរាជធានីខេត្ត ចំនួនជាង១០,០០០កន្លែង ដែលមានវត្តមានជនបរទេសប្រមាណ៨០,០០០នាក់ស្នាក់នៅ ស្មើនឹង ៧៨ សញ្ជាតិ ។

ឯកឧត្តមបានជម្រាបជូនអង្គប្រជុំទៀតថា ក្រុមបោកប្រាស់តាមអនឡាញលែងប្រមូលផ្តុំគ្នានៅក្នុងកាស៊ីណូ ឬ អគារធំៗ ដូចមុនទៀតហើយ ដោយសារកិច្ចខិតខំចុះបង្រ្កាបបានបំបែកសំបុកឧក្រិដ្ឋជនទាំងនោះ។ ក្រុមឧក្រិដ្ឋជនឆបោកដែលនៅសេសសល់ បានរត់គេចពីសមត្ថកិច្ច ដោយបានបំបែកគ្នាជាក្រុមតូចៗទៅធ្វើលបលួចធ្វើសកម្មជួលនៅតាមបុរី, ផ្ទះល្វែង ឬខុនដូ ជាលក្ខណៈដាច់ដោយឡែក ហើយបន្លំខ្លួនជាមួយប្រជាពលរដ្ឋ ដើម្បីគេចចេញពីការតាមចាប់របស់សមត្ថកិច្ច។

លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានពន្យល់អំពីរូបភាព និងទម្រង់នៃការឆបោក ដែលក្រុមសមត្ថកិច្ចជំនាញបានប្រមូល និងចងក្រងជាភស្តុតាង រួមមាន ការបោកប្រាស់ក្រោមរូបភាពបង្កើតទំនាក់ទំនងស្នេហា ការឆបោកឱ្យដាក់ទុនក្នុងគម្រោងវិនិយោគដើម្បីទទួលផលចំណេញ ឬការប្រើកម្មវិធីឈ្នះរង្វាន់ជាធ្នាក់ដើម្បីឱ្យពលរដ្ឋផ្ទេរប្រាក់ ក៏ដូចជាសកម្មលួចយកទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់, និង ការបោកប្រាស់ការងារដែលផ្តល់ប្រាក់ខែច្រើនជាដើម។

លោកបានជម្រាបជូនអង្គប្រជុំបន្ថែមថា ដើម្បីពង្រឹងប្រសិទ្ធភាព និងនិរន្តរភាពសម្រាប់ក្នុងការប្រឆាំងអំពើឆបោកអនឡាញនេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្តួចផ្តើមការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ កន្លងទៅនេះ ហើយនឹងត្រូវឆ្លងព្រឹទ្ធសភានៅថ្ងៃទី៣ ខែមីនា ខាងមុខនេះ។ រាជរដ្ឋាភិបាលកម្ពុជា មានការជឿជាក់ថា ច្បាប់នេះ ក្រោយពេលត្រូវបានប្រកាសដាក់ឱ្យអនុវត្តហើយ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការធានាមិនឱ្យការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាវិលត្រលប់មកកម្ពុជាវិញឡើយ។

លោក ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានបង្ហាញការគាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលលើការបង្ក្រាបបទល្មើសOnline Scam នៅកម្ពុជានាពេលកន្លងមក ដោយកិច្ចខិតខំទាំងនេះត្រូវបានអន្តរជាតិទទួលស្គាល់។ ទន្ទឹមនេះយុទ្ធនាការបោសសម្អាតការឆបោកអនឡាញ បានស្ដារ និងការពារមុខមាត់ប្រទេសជាតិឡើងវិញ បន្ទាប់ពីបានរងគ្រោះដោយសារតែក្រុមឧក្រិដ្ឋជនមកពីក្រៅប្រទេស បានយកទឹកដីកម្ពុជាដើម្បីប្រព្រឹត្តបទល្មើសនេះ។ លោក បានបន្តទៀតកម្ពុជា ក៏ដូចជាប្រទេសផ្សេងៗទៀតនៅលើពិភពលោក ដែរ គឺជាអ្នករងគ្រោះដោយសារបញ្ហាឆបោកអនឡាញនេះ។

នាឱកាសនោះដែរ លោកអនុប្រធានទី២ ព្រឹទ្ធសភា បានមានប្រសាសន៍បញ្ជាក់អំពីសារៈសំខាន់នៃកិច្ចប្រជុំនាពេលនេះថាបានផ្តល់ឱកាសដ៏ល្អសម្រាប់ថ្នាក់ដឹកនាំ និងសមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា បានស្វែងយល់បន្ថែមទៀតអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបង្ក្រាប និងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដើម្បីចូលរួមពាំនាំយកព័ត៌មានទាំងនេះ ទៅផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅសហគមន៍ តាមបណ្តារាជធានីខេត្ត ឱ្យបានដឹងអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការឆបោកអនឡាញ សំដៅធានាសុវត្ថិភាព សន្តិសុខ និងបរិយាកាសល្អសម្រាប់វិស័យទេសចរណ៍ វិនិយោគ និងការអភិវឌ្ឍសង្គមជាតិ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ ដោយមានការចូលរួមផុលផុសតាមរយៈការលើកឡើងជាមតិ យោបល់ សំណូរ ក្តីបារម្ភ ក៏ដូចជាសំណូមពរពីអង្គប្រជុំ ជូនដល់ប្រតិភូ នៃលេខាធិការដ្ឋានគ.ប.ឆ.ប. ក្នុងគោលបំណងចូលរួមចែករំលែកនូវព័ត៌មាន ក៏ដូចជាការរូមចំណែករិះរកដំណោះស្រាយចំពោះបញ្ហា នៃឧក្រិដ្ឋកម្មឆ្លងដែននេះ ព្រោះវាជាបញ្ហារួមរបស់ជាតិទាំងមូល។

សូមរំលឹកជូនថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជា ត្រឹមខែមេសា ឆ្នាំ២០២៦នេះ។ សម្តេចធិបតីបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើសឡើយ ហើយបុគ្គល ឬអង្គភាពណាដែលនៅពីក្រោយសកម្មភាពទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុត ដោយគ្មានការយោគយល់ ឬអន្តរាគមន៍ឡើយ៕

ប្រភព៖លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)


ចែករំលែក៖