ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអាវុធហត្ថខេត្តព្រះសីហនុបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំនៅសណ្ឋាគារស៊ីជី ចាប់ខ្លួនជនល្មើស២២នាក់ដកហូតថ្នាំញៀនសារធាតុផ្សំជាង ២០០គីឡូក្រាម

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការស្រាវជ្រាវ ហើយឈានដល់ការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំមួយនៅសណ្ឋាគារស៊ីជី សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ដោយចាប់ខ្លួនជនល្មើសជាជនជាតិចិន,វៀតណាម និងខ្មែរសរុប២២នាក់ ហើយដកហូតថ្នាំញៀន សារធាតុផ្សំជាង២០០គីឡូក្រាម ព្រមទាំងវត្ថុតាង និងសម្ភារជា ច្រើនទៀត។ 

ប្រតិបត្តិការបំបែកបទល្មើសគ្រឿងញៀននេះ ធ្វើឡើង ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេ បញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស, លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត។ 

របាយការណ៍បញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុ  បានបញ្ជាក់ថាកាលពីវេលាម៉ោង ១៧និង៣០នាទី ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៦ កម្លាំង អ.ហ ខេត្តព្រះសីហនុ ដឹកនាំដោយលោកវរសេនីយ៍ទោ សួ ស៊ន ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសខេត្តព្រះសីហនុ ដោយ មានការសម្របសម្រួលនីតិវិធីដោយលោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ បានចុះបង្ក្រាបករណីគ្រឿងញៀន នៅចំណុចសណ្ឋាគារស៊ីជី ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង+ខេត្តព្រះសីហនុ។ 

កម្លាំងអាវុធហត្ថ បានឃាត់ខ្លួនជនសង្ស័យចំនួន២២ នាក់ (ស្រី៣) ជនជាតិចិន ចំនួន១៨នាក់, ជនជាតិវៀតណាម ចំនួន១នាក់ (ស្រី) និងជនជាតិខ្មែរ ចំនួន៣ នាក់ (ស្រី១នាក់)។

របាយការណ៍បានបន្តទៀតថា ក្រោយចាប់ជនល្មើសទាំង២២នាក់ កម្លាំងកងរាជអាវុធហត្ថ បានដកហូតថ្នាំញៀន សារធាតុផ្សំ និងវត្ថុតាងជាច្រើនទៀត រួមមាន៖ 

១-ហេរ៉ូអ៉ីន (HEROINE) ចំនួន១គីឡូ ទម្ងន់សុទ្ធ ៨៦០.២៩ ក្រាម

២- កូកាអ៉ីន (COCAINE) ចំនួន១គីឡូ ទម្ងន់សុទ្ធ ៤២៧.៣០ ក្រាម

៣- កេតាមីន (KETAMINE) ចំនួន៤គីឡូ ទម្ងន់សុទ្ធ ៥២៤.២៤ ក្រាម

៤- មេតំហ្វេតាមីន (METAMPHETAMINE) ចំនួន១៦គីឡូ ទម្ងន់សុទ្ធ ៤៩៤ ក្រាម

៥- អ៉ិចស្តាស៊ី (MDMA) ចំនួន៦៣គីឡូ ទម្ងន់សុទ្ធ ៦៥៧.៥២ ក្រាម

៦- កញ្ញាក្រៀម ចំនួន១គីឡូ ទម្ងន់សុទ្ធ ៧៧៨.៥៨ ក្រាម

៧- សារធាតុផ្សំ ចំនួន៥៧គីឡូ ទម្ងន់ ៨២៤.៩១ ក្រាម

៨- សារធាតុគីមីផ្សំ  ចំនួន៩០គីឡូក្រាម ទម្ងន់សារធាតុញៀនសុទ្ធ សរុបៈ ៨៩គីឡូ ៧៤១.៩៣ ក្រាម ,ទម្ងន់សារធាតុផ្សំសុទ្ធសរុបៈ ៥៧គីឡូ ៨២៤.៩១ ក្រាម ,ទម្ងន់សារធាតុគីមីផ្សំសរុបៈ ៩០គីឡូក្រាម ។

២/ រថយន្តចំនួន ០៦ គ្រឿង

៣/ អាវុធខ្លីចំនួន ០១(K59) លេខ ៥៩៤៤ ១៩៩០ ដើម(បង់:១,គ្រាប់ ០៣គ្រាប់)

៤/ គ្រាប់បែកដៃចំនួន ០១គ្រាប់  (ផ្លែទាប)

៥/ ម៉ូតូចំនួន ០៤ គ្រឿង

៦/ ទូរស័ព្ទចំនួន ៣៣ គ្រឿង

៧/ លិខិតឆ្លងដែន ចំនួន ០៩(ចិន ០៨ និងវៀតណាម 01)

៨/ បណ្ណការងារចំនួន ១៤ បណ្ណ(ចិន)

៩/ បណ្ណបើកបរចំនួន ០៣ បណ្ណ

១០/ គ្រាប់អាវុធវែង(AK)ចំនួន ១៦គ្រាប់

១១/ ជញ្ជីង ចំនួន ៣៨ គ្រឿង

១២/ ឧបករណ៍ផលិត ,សម្ភារៈកែឆ្នៃ និងសំបកវិចខ្ចប់ជាច្រើន។

សម្រាប់ជនល្មើស និងវត្ថុតាងទាំងអស់ ត្រូវបានកម្លាំងអាវុធហត្ថ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីទៀត៕


ចែករំលែក៖